នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង និង ប្រឆាំងភេរវកម្ម ខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯកអ៊ឹម វល្ល័ក្ខណ៍ ស្នងការរង បានចាប់ខ្លួនយុវជនម្នាក់ ដែលបង្ហោះសារតាម Facebook គំរាមបាញ់សម្លាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់រាជធានីភ្នំពេញនៅព្រឹកមិញនេះហើយ។
លោកវរសេនីយ៍ឯកអ៊ឹម វល្ល័ក្ខណ៍ ស្នងការរង ទទួលផែនកណ្តាលសន្តិសុខ បានឲ្យដឹងថា ៖ នៅព្រឹកមិញ ជនរូបនេះបានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សារភាពថា៖ គាត់មិនបានសរសេរសារ គំរាមប្រមាទសម្លាប់សម្តេចនាយករដ្ឋមន្ត្រីនោះទេ គឺ អាខោនហ្វេសប៊ុករបស់ គាត់មានគេលួចហែគប្រេី។
ជនដែលត្រូវចាប់ខ្លួននេះ ឈ្មោះពេជ រដ្ឋា កេីតឆ្នាំ១៩៩៣ មានទីលំនៅ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរជាអ្នកបើកបររថយន្តដឹកបុគ្គលិកក្រុមហ៊ុន កាស៊ីណូSV នៅជិតធនាគារជាតិ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ មានឈ្មោះនៅលើ Facebook ពេជ្រ រដ្ឋា Pich Roth Tha។
ទោះជាយ៉ាងណាក៏ដោយ តាមបច្ចេកវិជ្ជាទំនើបសម័យថ្មីនេះ អ្វីៗនឹងដឹង ការពិត មិនស្ថិតនៅលេីការប្រកែកដោះសារនោះទេ៕