កុមារ៉ាគីមហុង​​នឹង​បន្ត​រៀន​ផ្លោះ​មក​ថ្នាក់​ទី​៨​នៅ​ប៊ែល​ធី​ខណៈ​អាយុ​ត្រឹម​៧​ឆ្នាំ

315

ភ្នំពេញ​៖ ​កុមារា​មាន​សមត្ថកិច្ច​ពិសេស​ ​គីម​ហុង​ ដែល​ត្រូវ​បាន​សម្តេច​តេជោ​ ប្រកាស​ធានា​រ៉ាប់រង​ទាំងស្រុង​លើ​ការសិក្សា ​រហូតដល់​ជោគជ័យ​​នោះ​ អាច​​នឹង​​​រៀន​ផ្លោះ​ថ្នាក់​បន្ត​ទៀត​ ពី​ថ្នាក់​ទី​៦ ដល់​ថ្នាក់​ទី​៨​ នៅ​សាលា​​ប៊ែលធី​អន្តរជាតិ។​​​​ ក្រោយ​ជំនួប​ជា​សម្តេច​តេជោ​ លោក​ ដួង តា​រា​ ជំនួយ​ការ​សម្ដេច​នាយករដ្ឋមន្ត្រីបាន​ឲ្យ​ដឹង​កាលពី​យប់មិញ​ថា កុមារ​​ គីមហុង ​នឹង​ចូលរៀន​ថ្នាក់​ទី​៨ ​ដោយ​ផ្អែកលើ ​សមត្ថភាព​ពិសេស ​ដែល​បាន​ធ្វើ​ Test គណិតវិទ្យា​ថ្នាក់​​ទី ១២​ រួម​ជាមួយ​ការ​សរសេរ​ភាសាអង់គ្លេស​​ និង​វាយកុំព្យូទ័រ​ នៅចំពោះមុខ​​អគ្គ​នាយក ​ប៊ែល​ធី គ្រុប​ ប៉ុន្តែ​​ការ​ចូល​​​រៀន​ថ្នាក់​នេះ​ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ គឺ អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​កុមារ​ គីម​ហុង។​​​​​​ ចំពោះ​​ អគ្គនាយក លី ឆេង​ វិញ​ក្នុង​ជំនួប​​សំណេះសំណាល​ម្សិលមិញ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​ លោក​សូម​​​កោត​សរសើរ​ដោយ​​​​ ​ចំពោះ​ កុមារា​ ហ៊ឺ ទៀង គីមហុង ​ដែល​ទើប​តែ​មាន​អាយុ​ ៧​ឆ្នាំ​ និង​កំពុង​រៀន​ថ្នាក់​ទី​៦ ​ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ ក្នុង​ចំណោម​សិស្ស​ ៣៥​នាក់ និង​មាន​សមត្ថភាព​ពិសេស ​អាចដោះ​ស្រាយ​លំហាត់​គណិតវិទ្យា​ថ្នាក់​ទី​១២​ បាន​យ៉ាង​ល្អ ព្រមទាំង​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស ​និង​កុំព្យូទ័រ​បាន​ល្អ​បង្គួរ​ផង​ដែរ​។ នេះ​ពិត​ជា​ទេព្យ​កោសល្យ​ពី​កំណើត​ដ៏​អស្ចារ្យ​របស់​ក្មួយ​ ដែល​មនុស្ស​ធម្មតា​មិន​អាច​ធ្វើ​បាន​ឡើយ។ សូម​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ ​​គីមហុង ​កំពុង​រៀន​នៅ​សាលា​បឋម​សិក្សា​ហ៊ុន​សែន​អនុវត្ត​ ដែល​មាន​ទីតាំង​នៅ​ភូមិ​ ៣ សង្កាត់​រកា​ក្នុង​ ក្រុង​ដូនកែវ ​ខេត្ត​តាកែវ​៕

Comments

comments