បុរសម្នាក់តាំងខ្លួនជាឧត្តមសេនីយ៍ទោផ្កាយ២ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួន

259

ខេត្តព្រះសីហនុ៖ បើតាមប្រសាសន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់ឲ្យដឹងថា: នៅវេលាម៉ោង១៥:៣៥នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បុគ្គលម្នាក់ឈ្មោះ យូ ណារិន ដែលតាំងខ្លួនជាឧត្តមសេនីយ៍ទោ ផ្កាយ២ បម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស​ ត្រូវ​កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនបានហើយ នារសៀលថ្ងៃនេះដែលពាក់ព័ន្ធទៅនឹងរឿងគៀងគងនិងប្រមូលប្រជាជនទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃមួយចំនួនដែលរស់នៅខេត្តព្រះសីហនុ។ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា÷ ប្រតិបត្តិការចាប់ខ្លួននេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុ ហើយធ្វើឡើងនៅចំណុចភូមិ០៣ សង្កាត់លេខ០៣ ក្រុង​ព្រះសីហនុ ជនសង្ស័យមានឈ្មោះ ង៉ែត សារិន ហៅ ​យូ ណារិន អាយុ៤៧ឆ្នាំ មុខរបរ ទិញលក់ដី បច្ចុប្បន្នមានទីលំនៅបច្ចុប្បន្នភូមិ០៤ ឃុំទំនប់រលក ​ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ។ ​នាពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាឲ្យចាប់ខ្លួនបុរសម្នាក់ ដែលអះអាងថា ជាឧត្តមសេនីយ៍ទោ នៅបញ្ជាការដ្ឋានអង្គរក្ស ហើយដើរប្រមូលប្រជាជនទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ។សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ បញ្ជាការដ្ឋានអង្គរក្ស បានចេញលិខិតមួយ ដោយស្នើឲ្យប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ចាត់វិធានការជាបន្ទាន់លើករណីខុសច្បាប់ ឈ្មោះ យូ ណារិន ដែលគេអះអាងថា ជាឧត្តមសេនីយ៍ទោ និងជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស ហើយធ្វើសកម្មភាព ប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសអង្គរក្ស និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។លិខិតរបស់បញ្ជាការដ្ឋានអង្គរក្ស ចុះថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០១៧ ដែលផ្ញើទៅកាន់ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានឲ្យដឹងថា លោក យូ ណារិន ពុំមានឈ្មោះនៅក្នុងក្របខណ្ឌ និងមិនមែនជាឧត្តមសេនីយ៍ទោ មេបញ្ជាការរង បញ្ជាការអង្គរក្សនោះទេ ។សូមបញ្ជាក់ថា បើតាមលិខិតរបស់ លោក ហូ សិទ្ធី ផ្ញើទៅកាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា ខុទ្ទកាល័យសម្តេចតេជោ បានទទួលលិខិតពីអតីតកងទ័ពជាតិ (ខ៣) ដែលស្នើ ឱ្យអន្តរាគមន៍ ចំពោះករណីឈ្មោះ យូ ណារិន គណបក្សប្រឆាំង បច្ចុប្បន្នកំពុងដើរតួជាឧត្តមសេនីយ៍ទោ មេបញ្ជាការរង កងឯកភាពអង្គរក្ស របស់សម្តេចតេជោ ហ៊ុន សែន ហើយបានធ្វើសកម្មភាពប្រមូលប្រជាជន អណាធិបតេយ្យ ទៅសង់ខ្ទមរំលោភបំពាន ដីកម្មសិទ្ធិរដ្ឋនិងអ្នកដទៃ។បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង អនុវត្តនិតិវិធីផ្លូវច្បាប់បន្ត ៕

Comments

comments