រាជធានីភ្នំពេញ ៖ ស្លាប់ទាំងព្រឹក គួរឲ្យអាណិតមែនទែន បងប្អូនភ្លោះជិះម៉ូតូឌុបគ្នាទៅរៀន ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកទំនិញ របស់កងដឹជញ្ជូនHC១គ្រឿង ដែលបើកក្នុងល្បឿនលឿនជ្រុលបុកនិងកិនបណ្ដាលឲ្យបងប្រុសបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកប្អូនប្រុសរងរបួស។ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ លើកំណាត់ផ្លូវវ៉េងស្រេង ត្រង់ចំណុចជិតផ្សារចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ក្មេងប្រុសរងគ្រោះទាំង២នាក់ទី១ឈ្មោះ ហ៊ាង ម៉េងឈាង អាយុ១៥ឆ្នាំ (ស្លាប់) និងម្នាក់ទៀតឈ្មោះ ហ៊ាង ម៉េងឆ័ង អាយុ១៥ឆ្នាំ (របួស) ពួកគេជាបងប្អូនភ្លោះនិងគ្នា ជាសិស្សនៃសាលាប៊ែលធី មានទៅលំនៅក្នុងបុរី លឹម ឈាងហាក់ ភូមិព្រៃជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។អ្នកទាំង២ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GE-4606 ហើយម៉ូតូនេះខ្ចីគេជិះទៀតផង ចំណែករថយន្តបង្កហេតុម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខភ្នំពេញ 3D-4918 បើកបរដោយឈ្មោះ សៀង ភា អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងថ្លា ឃុំអង្គតាសោម ខេត្តតាកែវ។ប្រភពបានឲ្យដឹងថានៅមុនពេលកើតហេតុក្មេងប្រសរងគ្រោះទាំងពីរនាក់បានជិះម៉ូតូឌុបគ្នា ចេញពីក្នុងបុរសលឹមឈាងហាក់ ក្នុងបំណងទៅរៀន បំប៉ន ត្រៀមប្រលងបឋមភូមិថ្នាក់ទី៩ ដោយបានខ្ចីម៉ូតូសាច់ញាតិជិះនិងបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត បន្ទាប់មក បានឆ្លងផ្លូវវ៉េងស្រេង ស្របគ្នាជាមួយរថយន្តLexus 470មួយគ្រឿងចេញពីក្នុងបុរីដូចគ្នាហើយខណៈពេលកំពុងឆ្លងជិតផុតទៅហើយស្រាប់តែរថយន្តខាងលើបើកបរយ៉ាងលឿនពីជើងទៅត្បូងទៅដល់កន្លែងកើតបានបុកពីក្រោយនិងកិនបណ្ដាលឲ្យជនរងគ្រោះជាបងជាប់ក្រោមកង់រថយន្តខាងមុខខាងស្ដាំបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង។ដោយឡែកប្អូនប្រុសរងរបួសហើយម៉ូតូបានជាប់ក្រោមកង់ក្រោយរថយន្តខាងឆ្វងរងការខូចខាតទាំងស្រុងតែម្ដង។បន្ទាប់មកអ្នកបើកបររថយន្តត្រូវបានកម្លាំងនគរបាលប្រចាំការក្បែរនោះចាប់ខ្លួនបានយកទៅទុកនៅប៉ុស្តិ៍នគរបាលចោមចៅភ្លាមៗនិងនាំយករថយន្តនិងម៉ូតូនគរបាលវាស់វែងនាំទៅកាន់ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ខាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ ការតាមនីតិវិធីច្បាប់៕