វត្តអារញ្ញសាគរ គឺជាវត្តអារាមដែលមានវ័យចំណាស់មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ផ្លូវឆ្ពោះទៅភ្នំក្រោម នៃទន្លេសាប។ វត្តនេះមានសំណង់វិហារមួយ ដែលមានស្ថាបត្យកម្មគួរឲ្យទាក់ទាញ និងពិសេសជាងគេ។ ព្រះវិហារសង់នៅលើខឿនខ្ពស់មួយជាន់ ចំណែកជញ្ជាំងសង់ពីឥដ្ឋតាន់ និងសសរជុំវិញ មានទម្រង់រមួល ដែលភាពរមួលនេះ គឺធ្វើពីឥដ្ឋរមួលស្រាប់ ដែលរចនាដោយបុព្វបុរសខ្មែរជំនាន់មុន។ អ្វីដែលពិសេសនោះ ភាពរមួលនីមួយៗ ក៏មានសភាពខុសៗគ្នាថែមទៀត។ក្នុងបុព្វហេតុអភិរក្សសំណង់ព្រះវិហារបុរាណ អាជ្ញាធរជាតិអប្សរា បាននិងកំពុងជួយផ្នែកបច្ចេកទេស ដល់ដំណើរការនៃការជួសជុលវិហារវត្តអារញ្ញសាគរ ដែលមានទីតាំងស្ថិតនៅភូមិ អារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ តាមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សសរខាងក្នុង និងគ្រឿងបង្គំដំបូលនៃវត្តអារញ្ញសាគរ គឺធ្វើពីឈើ ទៅតាមរចនាបថខ្មែរសុទ្ធសាធ។ ហើយក្នុងដំណើរការជួសជុលសំណង់វិហារនេះ គឺអាជ្ញាធរជាតិអប្សរា បានជួយលើផ្នែកបច្ចេកទេស ដោយបានសិក្សាចម្លងប្លង់ចាស់ទុកធ្វើជាឯកសារ ដើម្បីឲ្យប្រាកដថា ការជួសជុលបានគោរពតាមរូបដើមនៃវិហារនេះ៕