កាលពីរសៀលថ្ងៃម្សិលមិញនេះ លោក ហេង កេសរោ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រម សំណុំរឿងក្រុមចោរប្លន់កក្រើកក្រុងភ្នំពេញចំនួន ៦នាក់ ដោយដាក់ពន្ធនាគារពី១៦៦ឆ្នាំ ដល់២១៣ឆ្នាំ ។ជនជាប់ចោទទាំងប្រាំមួយនាក់ខាងលើនេះ មានឈ្មោះ ហេ្សត ម៉ាន់រ៉ូហេ្សត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ត្រូវបានតុលាការសម្រេចបន្ថែមទោសរយៈពេល ១៤០ឆ្នាំថែមទៀត លើសំណុំរឿងប្លន់សម្លាប់ជនរងគ្រោះទាំង ៦ សំណុំរឿង ដោយផ្ដន្ទាទោសក្នុងមួយករណីដាក់ពន្ធនាគារ ២៥ឆ្នាំ និង ៥ ករណីទៀត ដាក់ពន្ធនាគារ ២៣ឆ្នាំ សរុប ១៤០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារប្រព្រឹត្តអំពើហិង្សា និងមរណភាពនៃជនរងគ្រោះ បទកាន់កាប់អាវុធដោយខុសច្បាប់ និងបទមិនរាងចាលក្នុងការប្រព្រឹត្តបទល្មើសមជ្ឈឹមបន្ទាប់ពីផ្ដន្ទាទោសរួច ។ ឈ្មោះ ប៉ែន ចំណាប់ ហៅពីន ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ ។ ឈ្មោះ ហ៉ីម សុភ័ក្រ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ។ ឈ្មោះ អេង អារីហ្វីន ភេទប្រុស អាយុ២៧ឆ្នាំ នាក់ទាំង ៣នាក់នេះ ត្រូវបានតុលាការប្រកាសបន្ថែមទោសក្នុងម្នាក់ៗ ១២៣ឆ្នាំ ដោយក្នុងមួយករណី ដាក់ពន្ធនាគារ ២៣ឆ្នាំ និងប្រាំករណីទៀត ដែលក្នុងមួយករណីដាក់ពន្ធនាគារ ២០ឆ្នាំ ទាំងសរុប ១២៣ឆ្នាំ។ចំណែក ឈ្មោះ ញ៉ែម កន្និដ្ឋា ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ និងឈ្មោះ ពេជ្រ សូណែក ភេទស្រីអាយុ ២០ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចៅក្រមសម្រេចផ្ដន្ទាទោសបន្ថែម១០៩ឆ្នាំ ដោយក្នុងមួយករណីដាក់ពន្ធនាគារ ២០ឆ្នាំ និងមួយករណីទៀត ដាក់ពន្ធនាគារ ១៧ឆ្នាំ ចំណែក ៤ ករណីទៀត ដែលក្នុងមួយករណីត្រូវផ្តន្ទាទោស ១៨ឆ្នាំ សរុប១០៩ឆ្នាំ ។អង្គហេតុដែលតុលាការលើកយកមកកាត់ទោសក្រុមចោរប្លន់ទាំងប្រាំមួយនាក់ខាងលើនេះ រួមមានអំពើប្លន់នៅផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ដោយបាញ់ប្លន់យកម៉ូតូ បណ្ដាលឱ្យជនរងគ្រោះស្លាប់ ។គួររំឮកដែរថាជនល្មើសទាំង ៦នាក់ខាងលើ ធ្លាប់បានប្រព្រឹត្តបទល្មើសដូចជា នៅខែសីហា ឆ្នាំ២០១៥ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ករណីបាញ់ប្លន់ជនរងគ្រោះដើម្បី ប្លន់យកម៉ូតូ។ នៅអំឡុង ខែតុលា ឆ្នាំ២០១៥ ករណីបាញ់ជនរងគ្រោះចំចង្កេះ ដើម្បីប្លន់យកម៉ូតូ នៅស្ពានព្រែកព្នៅ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ នៅខែកញ្ញា និងខែតុលា ឆ្នាំ២០១៥ ករណីបាញ់ប្លន់យកម៉ូតូម៉ាក MSX និងម៉ូតូម៉ាកស្កុបពី។នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៥នៅមុនទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងសង្កាត់មនោរម្យ ក្នុងខណ្ឌ៧មករា បាញ់ប្លន់ជនរងគ្រោះឈ្មោះ សេង សំអូន ប្លន់យកម៉ូតូ ដោយបណ្ដាល ឲ្យជនរងគ្រោះពិការជាអចិន្ត្រៃយ៍ ៕