ខេតត្តកណ្តាល ៖ បុរសម្នាក់ទំនងជាបែកថ្នាំបានស្ទុះទាញយកកាំបិតកាប់ប្រហារទៅលើអ្នកជិតខាងកំពុងកើបអាចម៍គោ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃម្សិលមិញនៅត្រង់ចំណុចបរិវេនផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំបង្រ្កាបចាប់ខ្លួនដកហូតបានវត្ថុតាងកាំបិតចំនួន០១និងថ្នាំញៀនចំនួន០១កញ្ចប់ផងដែរ។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាម ។ មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ស្រ៊ន ហ៊ុយសេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ។ ចំណែក ឯជនរងគ្រោះឈ្មោះ ផូ ផាន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូនស្រុកកោះធំ រងរបួសលើក្បាលនិងខ្នងយ៉ាងធ្ងន់ធ្ងរ ។ប្រភពដដែលបានបន្តថាជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនកន្លងមកធ្លាប់មានទំនាស់ពាក្យសំដីគ្នាជាមួយជនរងគ្រោះតែនៅពេលថ្មីៗនេះអ្នកទាំង២មិនមានទំនាស់អ្វីឡើយ ។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះបានទៅអង្គុយកើបអាចម៍គោនៅក្បែរផ្ទះស្រាប់តែជនសង្ស័យស្ទុះចូលទៅកាប់ប្រហារជនរងគ្រោះដោយកាំបិត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទើបមានប្រជាពលរដ្ឋជិតខាងចូលទៅឃាត់ នឹងប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាកន្លងមករូបគេមានទំនាស់គ្នាជាមួយជនរងគ្រោះ។លុះមកដល់យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ រូបគេបានប្រើប្រាស់គ្រឿងញៀនអស់មួយកញ្ចប់រហូតមកដល់ថ្ងៃត្រង់ថ្ងៃទី២៥ ខែឆ្នាំដដែលខ្លួនមានសភាពរវ៉ើរវាយទាញកាំបិតកាប់ជនរងគ្រោះដោយមិនដឹងខ្លួន ៕