គំនរឈើកកោះដែលឈ្មួញលាក់ទុកត្រូវកម្លាំងកងរាជអាវុធហត្ថរឹបអូសប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ

352

 

រតនគិរី ៖ បន្ទាប់ពីបែកធ្លាយគំនរឈើ របស់ក្រុមឈ្មួញ ដឹកយកមកលាក់ទុក ក្នុងចំការស្វាយចន្ទី នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចាអ៊ុង ស្ថិតក្នុងភូមិចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុកអូរជុំ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកងរាជអាវុធស្រុកអូរជុំ ដឹកនាំដោយលោក ឃី សុខា កងរាជអាវុធហត្ថខេត្ត ចុះទៅរឹបអូសគំនរឈើនោះ កាលរសៀលថ្ងៃម្សិលមិញ។តាមការឲ្យដឹងពីលោក វ៉ន ឃាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជុំ បានឲ្យដឹងថា ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋលោកក៏បានឆ្លងយោបល់លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចុះទៅរឹបអូសឈើនោះ ប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ។ លោកបានបន្តថា ឈើនេះជាប្រភេទ ឈើកកោះ ដែលមានមុខកាត់ ចាប់ពី ៣០សង់ទីម៉ែត្រឡើងទៅ ដល់មុខ៦០សង់ទីម៉ែត្រ និងមានប្រវែង ចាប់ពី២ម៉ែត្រ ដល់៣ម៉ែត្រ ហើយមានចំនួនប្រមាណជា ជាង៦០សន្លឹក ស្មើជាង២រថយន្តកែច្នៃ។បច្ចុប្បន្ន ឈើទាំងនោះ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើ កំពង់ធ្វើការប្រមូលដឹកជញ្ជូន យកមករក្សាទុកនៅខ័ណ្ឌរដ្ខាបាលព្រៃឈើខេត្ត។គួរបញ្ជាក់ថា ខណៈពេលដែលកម្លាំងកងរាជអាវុធ ចុះទៅដល់គំនរឈើនោះ រហូតដល់ធ្វើការប្រមូលដឹកជញ្ជូន មិនមានក្រុមឈ្មួញណាម្នាក់ចេញមុខមកសារភាពថាឈើរបស់ខ្លួនទេ។ ក៏ប៉ុន្តែ ជំនាញរដ្ឋបាលព្រៃឈើថានឹងស្រាវជ្រាវរកម្ចាស់នៅពេលក្រោយ បន្ទាប់ពីធ្វើការដឹកជញ្ជូនយកទៅរក្សាទុករួច។ បើទោះជាយ៉ាងណា ឈើនេះ ត្រូវបានមានប្រភពបង្ហើបថា ជាឈើរបស់ឈ្មោះ ចិត្ត មានលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង៕

Comments

comments