លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានផែនការប្រែក្លាយ តំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃជាគោលដៅទេសចរណ៍តំបន់លំហែកាយដើម្បីបង្កើននិងលើកស្ទួយជីវភាពប្រជាសហគមន៍ដែលនេះគឺជាយុទ្ធសាស្ត្រនៃការការពារធនធានធម្មជាតិរយៈពេលយូរអង្វែង។លោក បានថ្លែងប្រាប់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយពន្យល់ថា៖ «នៅពេលដែលមានភ្ញៀវទេសចរទៅកាន់តំបន់អភិរក្ស ឬសហគមន៍ ព្រៃឈើនោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នឹងទទួលបានចំណូលពីភ្ញៀវទេសចរ ដោយគាត់បានក្លាយជាអ្នកនាំផ្លូវ អ្នកផ្គត់ផ្គង់ម្ហូបអាហារបាយទឹក និងអាហារផ្សេងៗជូនដល់ភ្ញៀវទេសចរ។ ពលរដ្ឋសហគមន៍នឹងលែងចូលកាប់ព្រៃ ហើយបែរមកថែរក្សាព្រៃឈើជំនួសវិញព្រោះក្រៅពីទទួលបានចំណូលពី ភ្ញៀវទេសចរ ពលរដ្ឋក្នុងសហគមន៍ផ្ទាល់នៅតែអាចរកអនុផលព្រៃឈើបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ»។លោកបានសង្កត់ធ្ងន់ថា ៖ «នេះគឺជាការប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋ នៅសហគមន៍យ៉ាងពិតប្រាកដ និងជាការថែរក្សាបាននូវធនធាន ធម្មជាតិដែលស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រដ្ឋាភិបាល»។ជាមួយគ្នាលោក សាយ សំអាល់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរកំសាន្តទៅកាន់តំបន់ការពារធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីបានឃើញសម្រស់ព្រៃឈើកម្ពុជាដោយផ្ទាល់។ លោកសង្កត់ធ្ងន់ថា ដើម្បីការពារព្រៃឱ្យនៅគង់វង្សនោះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបច្ចុប្បន្នសុទ្ធសឹង តែជាអ្នកស្វែងរកដំណើរកំសាន្តចុងសប្តាហ៍ គួរតែធ្វើដំណើរទៅកាន់តំបន់អភិរក្សសហគមន៍ព្រៃឈើឬតំបន់បេតិកភណ្ឌធម្មជាតិនៅក្នុងប្រទេសដែលជាតំបន់សក្តានុពលទេសចរណ៍។សូមបញ្ជាក់ថាកម្ពុជាមានផ្ទៃដីព្រៃការពារប្រមាណ៧, ៥ លានហិកតា ដែលមានសហគមន៍ព្រៃឈើចំនួន១៥០សហគមន៍ និងតំបន់ការពារធម្មជាតិចំនួន៤៦កន្លែង ដែលកំពុងរង់ចាំទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ តំបន់ធម្មជាតិទាំងនោះដូចជាតំបន់ទេសចរណ៍ធម្មជាតិជីផាត់ គីរីរម្យ ចំបក់ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និង តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាដើម ៕