រាជធានីខេត្តចំនួន៧កម្ពុជាសម្រេចដាក់ប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត

331

កម្ពុជាសម្រេចដាក់រាជធានីខេត្តចំនួន៧ចូលរួមប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ដែលនឹងប្រកាសលទ្ធផលនៅទីក្រុងឈាងម៉ៃ ប្រទេសថៃ ដើមខែឆ្នាំក្រោយនេះ។លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន មានប្រសាសន៍ថាបេក្ខភាពទីក្រុងស្អាតទាំងប្រាំពីរមានដូចជារាជធានីភ្នំពេញ បាត់ដំបង សៀមរាប ព្រះសីហនុ កែប កំពត និងកំពង់ចាម។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការត្រៀមចូលរួមចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១នៅទីស្តីការក្រសួងទេសចរណ៍នាថ្ងៃម្សិលមិញនេះ។លោក ថោង ខុន បញ្ជាក់ថាទីក្រុងដែលអាចជាប់ជ័យលាភីទាល់តែទទួលបានលទ្ធផល៦០ភាគរយ ឬ ៦៥ពិន្ទុ នៃពិន្ទុសរុប១០៨ របស់ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។ លោកបន្តថាការខិតខំចូលរួមការប្រឡងប្រណាំងនេះដើម្បីផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍បន្ទាប់ទៀតក្រៅពីតំបន់គោលដៅទេសចរណ៍ធំៗដែលគេបានស្គាល់រួចហើយ។សូមបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន (ASEAN Clean Tourist City Standard)គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជាដែលនាំមុខរៀបចំហើយត្រូវបានអនុម័តដាក់ឲ្យដំណើរការដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ានកាលពីឆ្នាំ២០១៥ នៅទីក្រុងណៃពីដោរ ប្រទេសមីយ៉ាន់ម៉ា៕

 

Comments

comments