យុវជន300នាក់ជួបជុំគ្នាដាំកូនឈើដើម្បីបរិស្ថាន

224

អ្វីៗដូចការគ្រោងទុកយុវជនជាតិ និងអន្តរជាតិប្រមាណ ៣០០នាក់បានមកជួបជុំគ្នានៅពីមុខស្តូបដំកល់អដ្ឋិធាតុ និងបានគោរពវិញ្ញាក្ខន្តប្រជាជនកម្ពុជាដែលបានបាត់បង់ជីវិតក្នុងរបបបីឆ្នាំប្រាំបីខែ ម្ភៃថ្ងៃ ស្ថិតក្នុងវត្តអំពែភ្នំ ខេត្តកំពង់ស្ពឺ មុននឹងពួកគេត្រូវបានបែងចែកសម្រាប់ការផ្សព្វផ្សាយចំណេះដឹងបរិស្ថានជូនដល់ប្អូនៗសិស្សសាលា ក្រោមអធិបតីភាពលោកជំទាវ ងិន លីណា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧។នៅពីមុខស្តូបអដ្ឋិធាតុរបស់ប្រជាជនកម្ពុជា លោកជំទាវអគ្គនាយកបានមានប្រសាសន៍ថា “ពេលនេះ សកម្មភាពនេះ របស់ប្អូនៗទាំងអស់គ្នានឹងជាកំលាំងចលករដ៏ខ្លាំងខ្លាមួយកម្រិតបន្ថែមទៀតគាំទ្រដល់យុទ្ធនាបរិស្ថានទូទាំងប្រទេសកម្ពុជា” “នៅពេលនេះយើងមាន ៣០០នាក់ ពីម្សិលមិញយើងមាន ៧០០នាក់ ឆ្នាំមុនយើងមានរាប់ពាន់នាក់ ហើយបន្តនិងមានរាប់ពាន់ រាប់ម៉ឺននាក់បន្ថែមទៀតនាបណ្តាឆ្នាំខាងមុខៗទៀត ចូលរួមក្នុងចលនានេះ” លោកជំទាវបានបន្ថែមថា “សូមប្អូនៗចាប់អារម្មណ៍អំពីសកម្មភាពប្រចាំថ្ងៃរបស់ប្អូនៗ ផ្លាស់ប្តូរទម្លាប់ បើសិនជាទម្លាប់ទាំងនោះជាផលអវិជ្ជមានមកលើបរិស្ថាន,ចាប់ផ្តើមធ្វើអនាម័យសម្អាតបរិស្ថាន, សំរាមប្លាស្ទិកតូចមួយដែលប្អូនៗរើស នឹងដើមឈើមួយដើមដែលប្អូនៗដាំនៅពេលនេះនឹងធ្វើឱ្យប្រទេសកម្ពុជាទាំងមូលស្រស់ស្អាត និងផាសុខភាព”។សូមបញ្ជាក់ថា៖ ក្រោមកិច្ចសម្របសម្រួលរបស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន យុវជន ស.ស.យ.ក.រាជធានីភ្នំពេញ យុវជន ស.ស.យ.ក.វិស័យបរិស្ថាន យុវជនអង្គការ AIESEC និងសិស្ស-និស្សិតមកពីសកលវិទ្យាល័យនានាក្នុងរាជធានភ្នំពេញ បានធ្វើដំណើរឆ្ពោះទៅរមណីយដ្ឋានអំពែភ្នំ ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំកម្មវិធី Green Up the City។ គោលបំណងដើម្បីផ្សាភ្ជាប់យុវជនទៅនឹងបរិស្ថាន ដើម្បីចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារអភិរក្សជីរៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពរបស់ប្រពល់រដ្ឋមូលដ្ឋាន តាមរយៈសកម្មភាព ដាំកូនដើមឈើ ធ្វើអនាម័យបរិស្ថាន ដាក់ធុងសំរាម បរិច្ចាគសម្ភារៈសិក្សា ព្រមទាំងមានការអប់រំ និងផ្សព្វផ្សាយពីការប្រើប្រាស់ ទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងកែច្នៃសំណល់ប្លាស្ទិក ជូនដល់ក្រុមយុវជនដែលចូលរួមកម្មវិធី សិស្សសាលា ប្រជាពលរដ្ឋមូលដ្ឋាន អ្នកទេសចរណ៍ និងអាជីវករលក់ដូរផងដែរ៕

Comments

comments