សៀមរាប: ជនសង្ស័យចំនួន២នាក់ដែលជិះម៉ូតូទៅកាប់សិស្សម្នាក់បណ្តាលឲ្យរបួសធ្ងន់សង្ស័យជារឿងគំនុំរួចគេចខ្លួនត្រូវកម្លាំងនគរបាល មូលដ្ឋាននៃសង្កាត់ស្លក្រាមក្រុងសៀមរាប តាមចាប់ខ្លួនបានក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងការចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំ។យោងតាមបណ្តឹងរបស់ជនរងគ្រោះ ជនសង្ស័យដែលឃាត់ខ្លួន នោះមានឈ្មោះ ១-ឈ្មោះ ស៊ូ សេងហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជួយលក់ដូរបង រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប។ ទី២-ឈ្មោះ សោម ប៉ាឌី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យអង្គរ រស់នៅភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុង-ខេត្ត សៀមរាប។ជនសង្ស័យត្រូវចោទពីបទ ហិង្សាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ(កាំបិត) និងបទធ្វើឲ្យខូចខាតដោយចេតនា កាល ពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចមុខសាលាអនុវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្ត សៀមរាប ។ ករណីនេះដោយយោងតាមបណ្តឹងជនរងគ្រោះឈ្មោះ ចាន់ រក្សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សនៅសាលា សុវណ្ណភូមិ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប។លោកបញ្ជាក់ថាដំណើររឿង មានដូចតទៅ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៩និង១០នាទី ជនរងគ្រោះឈ្មោះ ចាន់ រក្សា និងមិត្តភ័ក្រចំនួន០៤នាក់ ជាសិស្សនៅសាលា សុវណ្ណភូមិ បាននាំគ្នាជិះម៉ូតូមកចាំយកឯកសារត្រៀមប្រឡងសញ្ញាប័ត្របឋមភូមិពីឈ្មោះ សុផានី នៅសាលាអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុន(ឥន្ទកោសា)។ស្រាប់តែជនសង្ស័យឈ្មោះ ស៊ូ សេងហេង បានជិះម៉ូតូ ជាមួយឈ្មោះ សេះ ដោយខ្លួនជាអ្នកជិះខាងក្រោយរួមទាំងបក្សពួកគេ០២នាក់ទៀតសរុបម៉ូតូចំនួន០២គ្រឿងបានធ្វើ សកម្មភាព ជិះមកជិតឈ្មោះ ចាន់ រក្សា ដកកាំបិត ប្រវែង០៤តឹកពីម៉ូតូ កាប់មកលើជនរងគ្រោះចំក បណ្តាលឲ្យដាច់រយះចេញឈាម និងកែងដៃខាងឆ្វេង បណ្តាលឲ្យរយះចេញឈាម ព្រមទាំងកាប់ម៉ូតូជនរងគ្រោះបណ្តាលឲ្យបែកអាវនិងកុងទ័រ ហើយនាំបក្ខពួកជិះគេចខ្លួនបាត់។លុះដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់បានជនសង្ស័យចំនួន០២នាក់ យកមកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់មកលើជនរងគ្រោះពិតប្រាកដមែន។មូលហេតុគឺកាប់ច្រឡំមនុស្ស។ យោងតាមចម្លើយសារភាពនិងវត្ថុតាង។បច្ចុប្បន្នជនសង្ស័យឈ្មោះស៊ូ សេងហេង(ជាចារី) និងឈ្មោះ សោម ប៉ាឌី(សហចារី)ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕