ក្នុងអាណត្តិដឹកនាំរបស់លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់គឺផ្លូវថ្នល់ ស្ពាន និង ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះក៏ដូចនៅតាមបណ្តាមូលដ្ឋានភូមិ ឃុំ សង្កាត់ផងដែរ ។ដើមី្បឆ្ពោះទៅកាន់ការប្រឡងប្រណាំងទីក្រុងស្អាត ក្នុងតំបន់អាស៊ាននាពេលខាងមុខនេះ អាជ្ញាធរ ខេត្តបានធ្វើការរៀបចំ កែលម្អនូវសោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រមួយនេះ ក្នុងការទាក់ទាញអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិផងនោះខេត្តត្រូវបានធ្វើការ កែលម្អផ្លូវមួយចំនួនឲ្យកាន់តែមានសោភណ្ឌភាព ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ និងគណប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិទៀតផង។ជាក់ស្តែងនៅព្រឹកថ្ងៃម្សិលមិញនេះ លោក ឃឹម ប៊ុនសុង បានដឹកនាំប្រតិភូ អន្តរមន្ទីរ ចុះត្រួតពិនិត្យការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប អំពីគុណភាពក្នុងការអ៊ុតកៅស៊ូបេទីម្មីន៍ របស់ក្រុមហ៊ុន ដាយអីម៉ិន ខនស្ត្រាក់សិន ដែលជាអ្នកម៉ៅការក្នុងការស្ថាបនាកំណត់ផ្លូវនេះ ហើយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាអ្នកត្រួតពិនិត្យបច្ចេកទេស។ក្នុងនោះដែរលោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំ ដល់ប្រធានក្រុមវិស្វកម្មរបស់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចាក់អ៊ុតក្រាលកៅស៊ូផ្លូវនេះដើមី្បធានាឲ្យបាននូវគុណភាពប្រើប្រាស់បានយូរអង្វែងពីព្រោះថាផ្លូវនេះជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត ក្នុងការបម្រើក្នុងវិស័យទេសចរណ៍ក៏ដូចជាការដឹកជញ្ជូនភោគផលកសិផលរបស់កសិករនឹងជាសរសៃឈាមមួយដែលឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយក្នុងការបម្រើលើវិស័យសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ។ លោកអភិបាលក៏បានណែនាំដល់មន្ទីរសាធារណការខេត្តត្រូវយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធលូ ក្នុងការបង្ហូរទឹកភ្លៀងចេញពីផ្លូវដើមី្បធានាឲ្យបាននូវគុណភាពផ្លូវ រឹងមាំ ព្រមទាំងធ្វើការថែរក្សាឲ្យបាននូវការ៉ូឡា ដែលបានក្រាលនៅលើចំណីផ្លូវ ដែលទុកសម្រាប់អ្នកថ្មើរជើងធ្វើដំណើរកម្សាន្ត សំខាន់ចំពោះភ្ញៀវទេសចរណ៍។ម៉្យាងទៀតចំពោះមន្ត្រីសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ និងនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់ចំពោះគ្រប់យានយន្តទាំងអស់ មិនត្រូវមកយកចំណីផ្លូវ ឬដងផ្លូវទាំងនេះ ធ្វើជាចំណតរថយន្តឈ្នូល និងរថយន្តក្រុងរបស់ក្រុមហ៊ុនឡើយ គឺខេត្តយើងមានទីតាំងសម្រាប់ការចតរថយន្ត របស់បងប្អូនអ្នករត់ឈ្នូល និងដឹកទំនិញ ទាំងនៅខាងកើតក្រុង និងខាងលិចក្រុង។ ក្នុងនោះលោកអភិបាលក៏ បានឱ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការទប់ស្កាត់ឲ្យខាងតែបាន នូវគ្រប់រថយន្តដឹកជញ្ជូនដី និងរថយន្តដឹក ទំនិញសំពីងសំពោងចូលក្រុងឡើយដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រមួយនេះ ដែលជាក្រុង បេក្ខភាពក្នុងការប្រឡងប្រណាំងទីក្រុងស្អាតតំបន់អាស៊ានខាងមុខនេះ។ក្នុងការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបរបរលក់ដូរឲ្យភ្ញៀវនៅតាមរថយន្តនៅតំបន់ភូមិចុងកៅស៊ូនោះ បងស្រីម្នាក់ក៏បានសំដែងនូវការអមអរសាទរ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបដែលបានខិតខំក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសលើកិច្ចការផ្លូវថ្នល់ ដែលជាកត្តាចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើប្រាស្រ័យទាក់់ទងគ្នា ការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ម៉្យាងទៀតការស្ថាបនាកំណាត់ផ្លូវនេះឡើងកាន់តែធ្វើឲ្យសោភណ្ឌភាពក្រុងសៀមរាប មានភាពស្រស់ស្អាតដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរ និងធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងទៀត៕