ខេត្តកណ្ដាល ៖ ករណីរំលោភសេពសន្ថវៈរួចសម្លាប់ក្មេងស្រីអាយុ៧ឆ្នាំនៅស្រុកកៀនស្វាយ រហូតមកទល់ថ្ងៃអង្គា ខែសីហា ឆ្នាំ២០១៧ នេះ លោកសាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារបណ្តោះអាសន្ន ហើយ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។មន្ត្រីតុលាការថ្លែងថា ជនសង្ស័យត្រូវបានលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់ បើកការស៊ើបសួរពីបទ “ឃាតកម្មគិតទុកជាមុន”តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។មន្ត្រីតុលាការដដែលបន្តថា មូលហេតុដែលឈានដល់ការចោទប្រកាន់ពីបទ “ឃាតកម្មគិតទុកជាមុន”នេះ ដោយសារតាមរយៈការសាកសួរគឺ ជនសង្ស័យសារភាពថា ពុំទាន់បានរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះនៅឡើយ ហើយបាននាំក្មេងស្រីដល់កន្លែងស្រះទឹកមួយ រួចច្របាច់កសម្លាប់តែម្តង ។គួរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចសាលារៀនបឋមសិក្សា ហ៊ុនសែន ស្លាកែត ភូមិកោះចិន ឃុំគគីរ ស្រុកកៀនស្វាយ ។មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ចន្ធីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ បានធ្វើសកម្មភាពបោកបញ្ឆោតលួងលោមក្មេងស្រីអាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១សាលាបឋមសិក្សាហ៊ុន សែន ដូនស ដឹកតាមកង់ជិះយកមកទៅចាប់រំលោភសេពសន្ថវៈ នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ៕