ខេត្តប៉ៃលិន ៖ ជនសង្ស័យជាឃាតកដែលបាញ់សម្លាប់ស្ត្រីជាសង្សារនៅក្នុងផ្ទះសំណាក់យីហោសារីធំត្រូវសមត្ថកិច្ចចាប់ ខ្លួនបានហើយកាលពីវេលាម៉ោង១១និង ២០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្រោមកិច្ចសហការរវាងកម្លាំងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខេត្តប៉ៃលិន គ្រាដែលជនសង្ស័យកំពុងលាក់ខ្លួន នៅខេត្តប៉ៃលិន។ប្រភពពីមន្ត្រីកងរាជអាវុធហត្ថដែលឋិតក្នុងប្រតិបត្តិការនេះអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២០៧អ.យ.ឋ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ របស់ព្រះរាជអាជ្ញារង សៀង សុខ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យឈ្មោះ អ៊ុ សុផា ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុច ភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទមនុស្សឃាត ។ ជនសង្ស័យត្រូវបាននាំខ្លួនពី ខេត្តប៉ៃលិនមករាជធានីភ្នំពេញនៅរសៀលថ្ងៃ ទី៩ ខែសីហា ឆ្នាំ២០១៧។គួរបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថបានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយគេច ខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង ០០និង៥៥នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី១០ ខែធ្នូ កន្លងមក។ ហេតុការណ៍នៃការ បាញ់សម្លាប់នេះបានប្រព្រឹត្តនៅក្នុងផ្ទះសំណាក់សារីធំ បន្ទប់លេខ៤០៤ ជាន់ ឡៅតឿ ស្ថិតនៅក្នុង ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។នារីរងគ្រោះឈ្មោះ សុន ស្រីលក្ខណ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិត្រពាំងរាំង ស្រុកដងទង់ ខេត្តកំពត។ប្រភពបានអោយដឹងថាគ្រាប់ដែលបាញ់នារីរងគ្រោះនោះគឺបណ្តាលឲ្យធ្លាយគ្រាប់ភ្នែកមកខាងក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។បើយោងតាមសាក្សីដែលជាអ្នកមើលការខុសត្រូវក្នុងផ្ទះសំណាក់នោះមាន ឈ្មោះ ឈុតស្រីមុំ បានឲ្យដឹងថាមុនកើត ហេតុជនសង្ស័យនោះនិងសង្សារបានជិះម៉ូតូមួយគ្រឿង ពណ៌ស ស្លាកលេខ 4399 (មិនចាំអក្សរ) ម៉ាកMSX ដែលពួកគេបានស្នាក់នៅបន្ទប់ខាងលើគឺមួយខែតែ ២ទៅ៣ដងប៉ុណ្ណោះ ។ប្រភពបានឲ្យដឹងទៀតថានៅយប់កើតហេតុនេះមានលឺសំលេងឈ្លោះគ្នាបន្តិចបន្តួចក្រោយមកមិនយូរប៉ុន្មានផងស្រាប់តែសំឡែងផ្ទុះអាវុធមួយគ្រាប់បានលាន់ខ្ទរចេញពីបន្ទប់នោះ ។ គ្រាន់តែស្នូរកាំភ្លើងមិនទាន់បានបាត់ខ្ទរផង គេឃើញជន សង្ស័យបានចុះមកក្រោមវិញតែម្នាក់ឯងយ៉ាងប្រញ៉ាប់។ឃើញហេតុការណ៍ដូចនេះសន្តិសុខដែលយាមកាមនៅផ្ទះសំណាក់ បាននាំ គ្នាឃាត់មន្ត្រីរូបនោះទើបមានការប្រតាយ ប្រតប់គ្នាផងតែឃាត់មិនឈ្នះណាមួយខ្លាចមន្ត្រីរូបនោះបាញ់មកលើពួកគេដោយសារអាវុធខ្លីនៅនឹងចង្កេះមន្ត្រីរូបនោះនៅឡើយទើបធ្វើឲ្យមន្ត្រីអាវុធហត្ថរូបនោះយកម៉ូតូជិះចេញគេចខ្លួនបាត់ស្រមោលតែម្តង។ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ដើម្បីសាកសួរបន្ថែម។ចំណែកសពត្រូវបានខាងផ្ទះសំណាក់ដឹកចេញយ៉ាងប្រញ៉ាប់យកទៅតំកល់នៅមន្ទីរពេទ្យកាល់ម៉ែតបាត់ភ្លាមផងដែរ។ក្រោយឃាតកម្មកើតឡើងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធាពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសផ្តល់រង្វាន់ដល់អ្នកដែលផ្តល់ព័ត៌មានឈានដល់ការឃាត់ខ្លួនជនសង្ស័យឃាតករខាងលើនេះផងដែរ ៕