ខេត្តព្រះសីហនុ៖ ជនជាតិចិន១២នាក់ដែលនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនបាននៅថ្ងៃពុធនេះពីបទបើកអាជីវកម្មផ្លូវភេទនៅ សង្កាត់លេខ២ ក្រុងព្រះសីហនុ។បើតាមស្នងការរងនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី កុល ផាលី ថ្លែងថា ក្រោយការសាកសួរនគរបាលបានសម្រេចដោះលែងស្ត្រី៦នាក់ដែលជាអ្នកបំរើសេវាផ្លូវភេទអោយមានសេរីភាពវិញជាមួយនឹងការអប់រំធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនេះ។ ដោយឡែកជនសង្សយ័ជនជាតិចិនដូចគ្នា៦នាក់ផ្សេងទៀតនគរបាលបានបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃ៩សីហា២០១៧នេះដើម្បីផ្តន្ទាទោសតាមច្បាប់ ក្នុងនោះមានថៅកែម្ចាស់ទីតាំង ក្រុមមេការនិងអ្នកទូទាត់ប្រាក់ពេលមានសេវាផ្លូវភេទ។សុំបញ្ជាក់ថាកាលពីម៉ោង៨យប់ថ្ងៃទី៧សីហា២០១៧ នគរបាលបានឆ្មក់ចូលបង្ក្រាបទីតាំងហាងម៉ាស្សាមួយកន្លែង យីហោ ថាវហុង និងបានរកឃើញថាជាកន្លែងប្រព្រឹត្តិសច្ចារកម្ម (ជួញដូរផ្លូវភេទខុសច្បាប់)ស្ថិតនៅ ក្រុមទី៤ ភូមិ២ សង្កាត់២ក្រុង-ខេត្តព្រះសីហនុ ដែលភ្លាមៗមានជនសង្សយ័ជនជាតិចិនចំនួន១២នាក់ត្រូវបានឃាត់ខ្លួន៕