ស្វាយរៀងៈ ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃម្សិលមិញ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។សាកសពយុវជនខាងលើគឺត្រូវព្រះសង្ឃមួយអង្គប្រទះឃើញ ខណៈនិមន្តចូលក្នុងព្រៃកូនគគីរ ដើម្បីមើលដើមឈើដែលសម្តេចសង្ឃដាំ ខណៈនោះមានធុមខ្លិនស្អុយ តេជគុណអង្គនោះក៏និមន្តតាមរកមើល ស្រាប់តែប្រទះឃើញសាកសពយុវជនម្នាក់ស្លាប់កណ្តាលព្រៃ ហើមស្អុយមានដង្កូវចុះទើបរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យ និងធ្វើកោសល្យវិច័យតែម្តង។សាកសពដែលប្រទះឃើញនេះ សមត្ថកិច្ចជំនាញពុំទាន់អាចសន្និដ្ឋានបានទេថា ជាករណីឃាតកម្ម ឬស្លាប់ដោយខ្លួនឯង។ ដោយនៅជិតកន្លែងកើតហេតុ មានតែដបទឹកសុទ្ធ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនតែប៉ុណ្ណោះ ពុំមានបន្សល់ទុកស្លាកស្នាមអ្វីនោះគួរឲ្យសង្ស័យទេ សូម្បីតែខោអាវក៏គ្មានដែរ។ មួយទៀតអាចសង្ស័យថា ជនរងគ្រោះស្លាប់ដោយប្រើប្រាស់ថ្នាំញៀនលើសកម្រិត តែយ៉ាងណាសមត្ថកិច្ចជំនាញនឹងបន្តស្រាវជ្រាវករណីនេះបន្តទៀត៕