ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូដឹកប្រពន្ឋកូនក្នុងល្បឿនលឿនទៅប៉ះរថយន្តគេ ដួលបណ្តាលអោយរបួសប្រពន្ឋកូន ក្រោយពីជូនប្រពន្ឋកូន ទៅមន្ទីរពេទ្យ ក៍ទាញម៉ូតូជិះចេញ ជ្រុលទៅបុកនឹងរ៉ឺម៉កម៉ូតូមួយគ្រឿងទៀត បណ្តាលអោយដួលបែកក្បាលស្លាប់តែម្តង ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃម្សិលមិញ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។មុនពេលកើតហេតុ ជនរងគ្រោះជាប្តី និងក្រុមគ្រួសារបានទៅផឹកស៊ីនៅផ្ទះបងប្អូន។ លុះពេលផឹកស៊ីរួច បងប្អូនឃាត់មិនឲ្យត្រឡប់មកផ្ទះវិញទេ ដោយឃើញជនរងគ្រោះស្រវឹងខ្លាំង តែជនរងគ្រោះមិនព្រមស្តាប់។ពេលកំពុងធ្វើដំណើរ ជនរងគ្រោះជាប្តីបានជិះម៉ូតូប៉ះនឹងរថយន្ត១គ្រឿង មិនចាំស្លាកលេខ ប៉ុន្តែម្ចាស់រថយន្តមិនបានទាមទារសំណងអីទេ ដោយហេតុឃើញគាត់ស្រវឹងស្រាខ្លាំង ម្យ៉ាងឃើញប្រពន្ធ និងកូនជនរងគ្រោះរបួសផង។ ក្រោយមកជនរងគ្រោះបានដឹកប្រពន្ធកូនទៅព្យាបាលនៅមន្ទីរពេទ្យ រួចខ្លួនក៏ជិះម៉ូតូចេញដោយទុកប្រពន្ធកូនឲ្យចាំនៅទីនោះ។មុនពេលបាត់បង់ជីវិត គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទៈតេលា ម្តុំផ្សារឈូកមាស តាមបណ្តោយផ្លូវលេខ២០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏ទៅបុកនឹងរ៉ឺម៉កម៉ូតូ១គ្រឿង បណ្តាលឲ្យបោកនឹងថ្នល់បែកក្បាលស្លាប់មួយរំពេចតែម្តង ៕