គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនឹងរថយន្តបានផ្តាច់ជីវិតមនុស្សស្រីប្រុស០៣នាក់ភ្លាមៗនៅក្នុងស្រុកព្រៃឈរ

135

ខេត្តកំពង់ចាម៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងរថយន្តបណ្តាលឲ្យមនុស្សស្រីប្រុស០៣នាក់ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៧០ ដែលសិ្ថតនៅក្នុង ភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ មុនពេលកើតហេតុអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មានរថយន្តម៉ាក់ FRONTIER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP5827បើកបរបញ្ច្រេសទិសគ្នាជាមួយម៉ូតូជនរងគ្រោះ ម៉ាក់ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1G 9725 ជិះគ្នា០៣នាក់ហើយបានបើកប្រជែងរថយន្តមួយគ្រឿងទៀតក៏ជ្រុលចង្កូតមកបុកពីមុខយ៉ាងពេញទំហឹងជាមួយរថយន្តម៉ាក់ FRONTIERដឹកទំនិញ បណ្តាលឲ្យមនុស្សស្រីប្រុស០៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅនៅភូមិបន្ទាយរឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ បានដឹកគ្នា០២នាក់ពីក្រោយដោយទី១ឈ្មោះ សុខ ហ៊ាង ភេទស្រី អាយុ៦០ឆ្នាំ ជាមួយគ្នាចៅប្រុសឈ្មោះ សុខ លាប អាយុ១០ឆ្នាំ ដែលមានទីលំនៅនៅភូមិទួលតាកោ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ចំណែកឯតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សុលទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ។បច្ចប្បន្នសមត្ថកិច្ចបានយករថយន្តនិងម៉ូតូជនរងគ្រោះយកទៅរក្សានៅអធិការស្រុកព្រៃឈរ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកសពជនរងគ្រោះទាំង០៣នាក់សមត្ថកិច្ចបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Comments

comments