សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីយោធាមេក្លោងជួញដូរគ្រឿងញៀននឹងដកហូតបានថ្នាំញៀនជាង២គីឡូ!

91

ភ្នំពេញ៖ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានដឹកនាំកម្លាំងចុះធ្វើការនាំខ្លួនជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ មកធ្វើការឆែកឆេរផ្ទះដើម្បីរកវត្ថុតាងបន្ថែម។ការចុះឆែកឆេរខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃម្សិលមិញស្ថិតនៅចំណុចផ្ទះមួយកន្លែងដែលមានទីតាំងតាមបណ្តោយផ្លូវ៨២c ផ្ទ១១២០ក្រុមទី២ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឲ្យដឹងផងដែរថាការចុះត្រួតពិនិត្យនិងឆែកឆេរផ្ទះខាងលើនេះគឺមានការដឹកនាំកម្លាំងសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមដឹកនាំកម្លាំងដោយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិរួមនិងបន្តសហការជាមួយនគរបាលខណ្ឌមានជ័យ និងប៉ុស្តិ៍ស្ទឹងមានជ័យផងដែរហើយការចុះឆែកឆេរនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀនមានឈ្មោះ យូ សុរិយា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាមន្ត្រីយោធាស្នាក់នៅចំណុចឆែកឆេរខាងលើក្រោយពីឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅម្តុំផ្សារអូរឡាំពិក ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ដោយដកហូតបានថ្នាំញៀនជាង២គីឡូក្រាមឯណោះ តែជាលទ្ធផលនៅក្នុងការចុះឆែកឆេរផ្ទះមេក្លោងគ្រឿងញៀនខាងលើនេះពុំបានធ្វើការរកឃើញវត្ថុតាងអ្វីបន្ថែមនោះទេ។ក្រោយពីបញ្ចប់ការឆែកឆេររួច ជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀនខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

Comments

comments