ខេត្តត្បូងឃ្មុំ: នគរបាលក្រុងសួងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់វិហារលួងធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីម្ចាស់ផ្ទះបានយករូបភាពនៅលើកាមេរ៉ាសុវត្ថិភាពមកបង្ហាញជាវត្ថុតាំងដោយជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចយកប្រាក់អស់ជិត០៩លានរៀលកាលពីវេលាម៉ោង០២ និង០២នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ម្សិលមិញ ស្ថិតក្នុងភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។លោកវរសេនីយ៍ ឈន សុធន អធិការនគរបាលក្រុងសួងបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ហេង សុខឃន់ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ដោយត្រូវជនសង្ស័យឈ្មោះ ម៉ា រ៉េន ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែររស់នៅក្នុងភូមិជីកែ សង្កាត់សួង ក្រុងសួង បានធ្វើសកម្មភាពគាស់ផ្ទះចូលលួចយកប្រាក់អស់ចំនួន០៧លាន និង០៦សែនរៀល និងប្រាក់ដុល្លារចំនួន២៧០$ ខណៈពេលដែលជនរងគ្រោះកំពុងតែសម្រាកនៅក្នុងបន្ទប់គេងរបស់ខ្លួន។លោកអធិការបានបន្តឲ្យដឹងថា ក្រោយពីធ្វើសកម្មភាពលួចរួចជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានយករូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពមកបង្ហាញផង ទើបងាយស្រួលក្នុងការតាមចាប់ខ្លួនជនសង្ស័យបានយ៉ាងឆាប់រហ័សបែបនេះព្រមទាំងធ្វើការដកហូតបាននូវវត្ថុតាងប្រាក់ដែលចោរលួចយកទៅបានមកវិញគ្រប់ចំនួនផងដែរ។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងសួងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការបន្តតាមនីតិវិធីច្បាប់ ៕