ភ្នំពេញ: ពលការិនី ជនជាតិឥស្លាម ធ្វើការនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត ហើយបាត់ដំណឹង រយៈពេល ១២ ឆ្នាំ បានត្រឡប់មកដល់ មាតុភូមិវិញហើយ ក្រោមការជួយជ្រោមជ្រែង ពីលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋលេខាធិការ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ។កញ្ញា ម៉ាត់ សាណាស់ (រ៉ទស់) បានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅវេលាម៉ោង ២១:៣០ យប់ថ្ងៃម្សិលមិញនេះ តាមរយៈជើងហោះហើរ អេមីរ៉ាត EK0388។រ៉ទស់ ជាអ្នករស់នៅ ក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចេញទៅធ្វើការ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពី ១២ ឆ្នាំមុន តាមរយៈក្រុមហ៊ុនមួយ ហើយបានបាត់ដំណឹង រហូតមកដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៧ ទើបយើងទទួលបានដំណឹង សុំជំនួយរបស់ ពលការិនីរូបនេះ ដែលបានបង្ហោះ នៅលើហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល និងអាណិតអាសូរបំផុត។ក្រោយពីទទួលបាន ដំណឹងនេះហើយ លោកឧកញ៉ា អូស្មាន ហាស្សាន់ និងសហការី ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា បានខ្នះខ្នែង ជួយអន្តរាគមន៍ រហូតទទួលជោគជ័យ បានត្រឡប់មកមាតុភូមិ ជួបជុំគ្រួសារ ប្រកបដោយសុវត្ថិភាព៕