ជនសង្ស័យទាំង៣នាក់រួមមានបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីជនជាតិថៃម្នាក់ ស្រីជនជាតិអាមេរិកម្នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យរដ្ឋបាល-សរុប(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញគយ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំការ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលពីសំណាក់ លោក សៀង សុខ ព្រះរាជអាជ្ញារង បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបករណីដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់ពីប្រទេសប្រេស៊ីលមកកម្ពុជាឆ្លងកាត់ ABABA, និង HONG KONG គោលដៅចុងក្រោយ ទៅប្រទេសថៃ នៅចំណុចច្រកដំណើរមកដល់នៃអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ និងនៅចំណុចមុខសណ្ឋាគារសំណាងល្អភ្នំពេញ ផ្លូវលេខ៣០៤ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ វត្ថុតាង ម្សៅសារ ធាតុញៀនប្រភេទកូកាអ៊ីន (Cocaine) ទម្ងន់ ១២៣៧.៥ក្រាម ដែលលាក់បង្កប់ក្នុងឆ្អឹងនិងបាតវ៉ាលិស ចំនួន ១វ៉ាលិស និងសម្ភារៈមួយចំនួនទៀត។ ជនសង្ស័យទាំង៣នាក់ នឹងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ៕