មុខសញ្ញាលូកហោប៉ៅ២នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន

231

កណ្ដាល: មុខសញ្ញាជំនាញខាងលូកហោប៉ៅយ៉ាងសកម្មនៅទីក្រុងភ្នំពេញ២នាក់បានមកធ្វើសកម្មភាពនៅក្នុងទឹកដីក្រុងតាខ្មៅត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗនៅនឹងកន្លែង។ ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃម្សិលមិញថា ក្រុមសមត្ថកិច្ចកំពុងដើរល្បាតតាមគោលដៅក៏បានជួបនឹងជនសង្ស័យកំពុងធ្វើសកម្មភាពលូកហោប៉ៅជនរងគ្រោះទើបក្រុមលោកក៏ធ្វើការឃាត់បានតែម្ដង។ប្រភពបានបន្តទៀតថាជនល្មើសមានគ្នាពីរនាក់ទី១ មានឈ្មោះគីម ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែមានស្រុកកំណើត នៅឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមបច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ទី២មានឈ្មោះ អឿន សម័យ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិជើងទឹក ស្រុកស្វាយអន្ទរខេត្ត​ ព្រៃវែងបច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាបខ័ណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងដកហូតបានប្រាក់រៀលចំនួន១៥៦,១០០រៀលទូរស័ព្ទដៃចំនួន២គ្រឿងម៉ាកSAMSUNGពណ៌សរបស់ជនរងគ្រោះនិងម៉ាកtrueពណ៌ខ្មៅរបស់ជនល្មើសកូនកាបូបស្ពាយចំនួន២ពណ៌​ក្រហម១និងពណ៌ឈាមជ្រូក១របស់ជនល្មើសចំណែកជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ប្រភពបន្តទៀតថានៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែអង្គុយទិញអាវជជុះដោយដាក់លុយនិងទូរស័ព្ទនៅក្នុងហោប៉ៅអាវក្រៅពេលនោះ​ ស្រាប់តែជនល្មើស​ទាំងពីរនាក់បានបន្លំទៅអង្គុយក្បែររកទិញអាវដែរហើយឆ្លៀតពេលជនរងគ្រោះកំពុងតែរវល់រើសអាវជនល្មើស​ឈ្មោះគីម ស្រីម៉ៅ​ បានធ្វើសកម្មភាពលួចយកលុយនិងទូរស័ព្ទរបស់ជនរងគ្រោះ​ ហើយបានហុចទៅអោយបក្សពួកឈ្មោះ​អឿន សម័យ ដើរចេញបានប្រហែល២០ម៉ែត្រក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។ រីឯជនរងគ្រោះមិនបានដឹងថាមានចោរលូកហោប៉ៅអាវរបស់ខ្លួន​ទេបានចាកចេញទៅបាត់រកមិនឃើញឡើយ នៅចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ទាំងពីរនាក់បានឆ្លើយសារភាព​ថាខ្លួននិងបក្សពួក​ធ្លាប់បានធ្វើសកម្មភាព​លួចលូកហោប៉ៅ​គេចំនួន៥ដងមកហើយគឺនៅតាខ្មៅ២ដង និងនៅភ្នំពេញចំនួន​៣ដង ដោយលើកចុងក្រោយនៅតាខ្មៅ​ក៏ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​បានតែម្តង  ហើយកុំពុងកសាងសំណុំតាមនិតិវិធីធ្វើការបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការបន្តតាមនីតិវិធីច្បាប់៕

Comments

comments