ស្រុកស្អាង៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លាឃាត់ខ្លួន បន្ទាប់បានទាក់ឆ្កែមួយក្បាល (ទាក់សត្វសុនខ) នៅថ្ងៃទី០៦ខែ កញ្ញា ឆ្នាំ២០១៧ម្សិលមិញកាលពី វេលាម៉ោង២២:២០នាទី នៅចំណុច ភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យដែលលួចទាក់ឆ្កែអ្នកស្រុកហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឡាច តាំងស្រ៊ី ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទត្រី ទីលំនៅបច្ចុប្បន្ន ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន ម៉ូតូ មួយគ្រឿងម៉ាក គុបជ្រុងពណ៌ទឹកប៊ិច C90គ្មានពាក់ស្លាកលេខ,សត្វឆ្កែឈ្មោលមួយក្បាលសម្បុរ សលាយខ្មៅ( ពពាល),ប៉ាវចំនួនមួយពណ៏លឿង,ខ្សែគោចំនួនមួយពណ៍ខ្មៅ(ជាអន្ទាក់ទាក់ឆ្កែ)។ សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុ និងវេលាម៉ោង ២២:២០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់បានល្បាតដល់ចំនុចកើតហេតុខាងលើបានជួបប្រទះ ជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯងពីត្បូងទៅជើងដោយមានដឹកសត្វឆ្កែចំនួនមួយក្បាល(ងាប់)ច្រកក្នុងប៉ាវពណ៌លឿងនៅពីលើរានម៉ូតូខាងមុខក៏បានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកប៉ុស្ត៍ដើម្បីសាកសួរ។នៅចំពោះមុខសមត្ថកិច្ចឈ្មោះឡាច តាំងស្រ៊ី បានសារភាពថាខ្លួនបានលួចទាក់សត្វឆ្កែមិនស្គាល់ម្ចាស់នៅចំនុចកើតហេតុខាងលើដើម្បីយកទៅលក់ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្ដអនុវត្តតាមនីតិវិធី។