ជំនឿទាក់ទងជាមួយដើមស្ពឺ

1068

១. លក្ខណៈទូទៅ
ដើមស្ពឺជាប្រភេទរុក្ខជាតិដើមធំមួយប្រភេទ ដែលដើមអាចមានទំំហំមួយឱប។ រុក្ខជាតិនេះ កាលណាដើមវាធំ វាតែងតែមានប្រហោងកណ្ដាល មិនដូចជាប្រភេទរុក្ខជាតិខ្លឹមមួយចំនួនដូចជាកកោះ បេង នាងនួនទេ។ ចំណែកផ្លែ របស់វា កាលខ្ចីមានពណ៌ខៀវចាស់ លុះពេលទុំ មានសម្បុរលឿងទុំ ផ្លែមានជ្រុងសាច់ជ្រាយមានទឹក ខ្លះមានរសជូរ ខ្លះផ្អែមលាយជូរបន្តិចៗ ប្រើជាម្ជូរ ឬជាអាហារ។ ចំណែកស្លឹករបស់វា រាងតូវឆ្មាបន្ដិច ស្រួចខាងចុង។
២. ជំនឿដែលទាក់ទងជាមួយ
បុរាណខ្មែរមានជំនឿថា រុក្ខជាតិប្រភេទនេះ បើតាមចាស់ៗនៅភូមិមេសប្រចណ្ឌនិយាយថា អ្នកដែលមានខ្សែចង្កេះ កន្សែងយ័ន្ដ ពិសេសអ្នកដែលហាត់រៀនវិជ្ជាសិល្ប៍សាស្រ្ត មិនអនុញ្ញាតឲ្យហូបផ្លែស្ពឺ ឬដើរក្រោមដើមវាជាដាច់ខាត ប្រសិនជាល្មើស នឹងត្រូវសាបសិល្ប៍ លែងស័ក្ដិសិទ្ធទៀត។
តាមន័យនេះ ហាក់ដូចជារុក្ខជាតិប្រភេទនេះ មានបារមីអ្វីមួយដ៏ស័ក្ដិសិទ្ធមកសណ្ឋិត និងធ្វើបណ្ដាសាដល់ជនណាដែលបានប្រើប្រាសមន្ដអាគមហើយ ល្មើសនិងបញ្ជា។ ប្រហែលជាមកពីបញ្ហានេះ ទេដឹង ដែលធ្វើឲ្យខ្មែរមួយចំនួនមិននិយមដាំដើមរុក្ខជាតិនេះ នៅពីមុខផ្ទះទេ ច្រើនៅចំហៀងខាងក្រោយ ឬនៅពីក្រោយផ្ទះតែម្ដង។ មកដល់សព្វថ្ងៃនេះ ជំនឿដែលដក់ជាប់នឹងអារមម្មណ៍នេះ មិនទាន់ត្រូវបានសាបរលាបនៅឡើយទេ ពិសេសអ្នកដែលហាត់រៀនសិល្ប៍សាស្រ្តតែម្ដងតែងមានត្រណមជាខ្លាំង។ មួយវិញទៀត សម្រាប់អ្នកដែលមិនហាត់រៀនវិជ្ជាសិល្ប៍សាស្រ្ត មានចំនួនតិចណាស់ដែរ ដែលបានដាំរុក្ខជាតិនេះ នៅពីមុខផ្ទះ។ ការនេះ មានតែអ្នកនៅទីក្រុងទេ ចំណែកអ្នកដែលនៅជនបទ នៅប្រកាន់ជំនឿនេះមុតមាំណាស់ មិនហ៊ានល្មើសទេ ព្រោះតែខ្លាចអាប់ឱនរាសី៕

Comments

comments