នៅសម័យអង្គរ ប្រទេសខ្មែរមានការរីកចម្រើនលូតលាស់យ៉ាងខ្លាំងរហូតក្លាយជាមហាអំណាចមួយនៅភូមិភាគអាស៊ីនេះ ដែលមានរដ្ឋតូចៗជាច្រើនជាចំណុះនគរ។ ខ្មែរបានកសាងប្រាសាទជាច្រើននៅពាសពេញប្រទេសដើម្បីបង្ហាញពីសក្ដានុពលនៃអំណាច ដែលប្រាសាទទាំងនេះ សុទ្ធតែមានជាប់ទាក់ទង និងឧទ្ទិសដល់លទ្ធិសាសានាណាមួយដែលខ្មែរមានជំនឿ និងធ្វើការគោរពបូជា ករណីដូចជាប្រាសាទតាព្រហ្មដែលមានចម្ងាយ៣៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ២។ បើគិតពីខ្លោងទ្វារ គឺមានចម្ងាយ២គីឡូម៉ែត្របន្ថែមទៀត។ ប្រាសាទនេះ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះកសាងឡើងពីថ្មបាយក្រៀម និងពីថ្មភក់ តាមរចនាបថបាយ័នបែរមុខទៅទិសខាងកើត ដែលក្នុងជំនឿថា ជាទិសដែលផ្ដល់នូវជីវិតសត្វលោកនៅផែនដីនេះ។ ប្រាសាទនេះ មានវិសាលភាពតូចជាងប្រាសាទតាព្រហ្មនៅសៀមរាប តំបន់អង្គរ តែវាមានលក្ខណៈជាអារាម ឬជាបូជនីយដ្ឋានដ៏ពិសិដ្ឋសម្រាប់ការគោរពបូជាតាមលទ្ធិពុទ្ធនិយម ដែលមានកម្ពស់១២ម៉ែត្រ និងមានបរិវេណកំពែងបណ្ដោយ១៥០ម៉េត្រ ទទឹង៩៥ម៉ែត្រ។ យោងតាមឯកសារមគ្គុទ្ទេសន៍ទេសចរណ៍របស់លោកស្រី សារឿន ចេញផ្សាយដោយបណ្ណាគារអង្គរ បានគូសបញ្ជាក់ថា ប្រាសាទនេះមានលក្ខណៈជាច្រើនដែលបុព្វបុរសខ្មែរកសាងដើម្បីឧទ្ទិដល់ព្រះពុទ្ធសាសនា មហាយាន និងលទ្ធិព្រហ្មញ្ញសាសនា ដោយការពិនិត្យសង្កេតឃើញមានបដិមាជាច្រើននៅជញ្ជាំងប្រាសាទមានចារឹកពីដំណើរដើមទងព្រះពុទ្ធសាសនា។ នៅលើទ្វារចូលខាងកើត មានរូបចម្លាក់ព្រះពុទ្ធចូលព្រះនិព្វាន ដែលត្រូវបានកសាងឡើងនៅសតវត្សទី១៦ ដោយព្រះបាទអង្គច័ន្ទទី១។ លុះចូលទៅក្នុងបន្ដិចខាងស្ដាំដៃ មានចារឹកជារឿងនិទានពីព្រះពុទ្ធ កាលព្រះអង្គមានកំណើតជាវេស្សន្ដរ ក្នុងជាតិទី១០ ដែលព្រះអង្គស្វែងរកធម៌រំលត់ទុក្ខជូនសត្វលោក។ ចម្លាក់ដែលបានឆ្លាក់នេះ បាននិទានពីព្រះវេស្សន្ដរបានធ្វើជាទាននូវដំរីបច្ច័យនាគេន្រ្ទ ជាដំរីរាជតំណាងសេចក្ដីត្រជាក់ត្រជុំនៃនគរស្រីពិរាស្រ្ត ទៅដល់ព្រាហ្មណ៍ជូជកនគរក្លឹងរាស្រ្ដ។ ដំរីនេះ ជាដំរីដែលតំណាងសេចក្ដីសុខចម្រើន ភាពសម្បូរសប្បាយនៃអាណានុរាស្រ្ត។ ក្រោយពីធ្វើទានបរិច្ចាគនេះរួចមក នគរស្រីពិរាស្រ្តកើតគ្រោះទុភិក្ស រាំងស្ងួត ប្រជារាស្រ្តកើមនាជំងឺតម្កាត់ ទើបត្រូវព្រះបាទស្រីពិរាស្រ្ត និរទេសព្រះវេស្សន្ដរចេញពីនគរឲ្យទៅនៅក្នុងព្រៃគិរីវង្គត។ ចំណែកនៅលើទ្វារខាងជើង មានឆ្លាក់ជារូបលោកកេស្វរៈដៃ៦ ដែលនៅលើភ្នួងសក់មានរូបព្រះពុទ្ធអមិតភៈហើយមានដៃ៤កាន់រណ្ដាប់ដូចជា បទុមក្រពុំ ផ្គាំ គម្ពីរ និងដបទឹកអម្រិត។ បញ្ហានេះ សបញ្ជាក់ថា ប្រាសាទនេះ កសាងឡើងក្នុងគោលបំណងឧទ្ទិសដល់ព្រះពុទ្ធសាសនាលោកកេស្វរៈ ដែលលទ្ធិមួយនេះបានជ្រាបមកដល់ខ្មែរនៅសម័យព្រះបាទអសោក អំឡុងសតវត្សទី២ នៃគ្រិស្ដសរាជ។ សណ្ដានចិត្តប្រជាជនខ្មែរ ក៏មានការនិយមរាប់អានម្ដងបន្ដិចៗ រហូតមកដល់សម័យអង្គរ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលមានព្រះនាងឥន្រ្ទទេវីជាអ្នកទំនុកបម្រុងផងសាសនាព្រះពុទ្ធ ពិសេសនិកាយមហាយានក៏បានរីកចូលក្នុងសណ្ដានចិត្តប្រជាជនខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់។ លុះក្រោយមក ក៏មានគោរពបូជាព្រះពុទ្ធសាសនាហិនយានជំនួសវិញ។ ទីនេះមានជាប់ទាក់ទងជាមួយរឿងព្រេងខ្មែរមួយ កាលដែលព្រះកេតុមាលាសោយរាជនៅមហានគរកាលដែលព្រះអង្គបានយាងមកក្រសាលនៅទន្លេបាទីនេះ។ កាលនោះមានយាយម្នាក់បាននាំកូនស្រីរបស់ខ្លួនមួយដែលមានសម្រស់ស្អាតដាច់គេឈ្មោះនាងពៅថ្វាយព្រះអង្គ។ ព្រះកេតុមាលាសព្វព្រះទ័យណាស់ បានតែងតាំងនាងជាអគ្គមហេសី។ ព្រះកេតុមាលាគង់ទីនេះបាន៣ខែ ក៏ត្រលប់ចូលប្រះនគរវិញ គាប់ជួនជាពេលដែលនាងពៅមានទម្ងន់៣ខែដែរ។ ព្រះអង្គបានឲ្យព្រះទម្រង់មួយទៅនាង កាលដែលនាងប្រសូតបុត្ររួចត្រូវឲ្យទម្រ់ងនេះទៅកូនដើម្បីស្វែងរកព្រះអង្គ។ លុះគម្រប់ ខែ នាងពៅបានប្រសូតបុត្រាមួយអង្គដាក់ឈ្មោះថា អង្គព្រហ្មកុមារ។ កាលអាយុបាន១៦ឆ្នាំ រាជកុមារក៏បានសុំម្ដាយទៅស្វែងរកឪពុកនៅមហានគរ។ ក្រោយមកព្រះអង្គត្រូវបានព្រះបិតា ព្រះបាទកេតុមាលាចាត់ឲ្យក្លាយជាស្ដេចត្រាញ់នៅទីនេះ ទើបព្រះអង្គបានកសាងប្រាសាទពីរ មួយជូនមាតា មួយទៀតសម្រាប់គង់នៅផ្ទាល់ខ្លួន ទើបមានឈ្មោះថា ប្រាសាទតាព្រហ្មជាប់រហូតមក។ ចំណែកពាក្យថា បាទី បាគឺសំដៅទៅលើស្ដេចព្រះកេតុមាលា នេះឯង។ ចំណែកពាក្យថា ទី គឺសំដៅទៅដល់អង្គស្ដេចព្រហ្មនេះ ជាទីរបស់ព្រះអង្គ។ បច្ចុប្បន្នទីនេះ បានក្លាយជារមណីយដ្ឋានដ៏មានប្រជាប្រិយភាព ដែលទទួលបានភ្ញៀវទេសចរ មកកម្សាន្ដយ៉ាងច្រើនកុះករ ដើម្បីស្វែងយល់ពីវប្បធម៌ ក៏ដូចជាកាកម្សាន្ដនៅថ្ងៃឈប់សម្រាកដែរ ៕