ប្រជាជនកូរ៉េខាងត្បូង ២០,០០០នាក់ នឹងស្លាប់ក្នុងមួយថ្ងៃៗ

133

អតីតឧត្ដមសេនីយ៍កងទ័ពអាកាសអាមេរិក លោក រ៉ូប ហ្គីវិនស៍ (Rob Givens) បាននិយាយថា មន្ទីរបញ្ចកោណបានវាយតម្លៃថា ប្រជាជនកូរ៉េខាងត្បូងយ៉ាងហោចណាស់ ២០,០០០នាក់ អាចនឹងត្រូវបាត់បង់ជីវិតក្នុងមួយថ្ងៃៗ នៅក្នុងករណីដែលសង្រ្គាមជាមួយកូរ៉េខាងជើង ផ្ទុះឡើងសាជាថ្មីនៅលើឧបទ្វីបកូរ៉េ។ ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាន អនុញ្ញាតឱ្យយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ហោះហើរក្បែរតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើង កាលពីសៅរ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។ យោងតាម លោក Rob Givens សង្រ្គាមជាមួយកូរ៉េខាងជើង មិនមែនដូចជាសង្រ្គាមជាមួយអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ឬក៏សង្រ្គាមទម្លាក់របបដឹកនាំលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) ឡើយ ព្រោះទីក្រុងព្យុងយ៉ាង មិនងាយស្រួលដូចជាប្រទេសទាំងនេះឡើយ ហើយរឹតតែមិនដូចទៅទៀតនោះ គឺរបបកុម្មុយនីស្ដមួយនេះស្ថិតនៅទីតាំងភូមិសាស្ត្រក្បែរចិន និងរុស្ស៊ី។ បន្ថែមពីលើនេះ ថ្លែងប្រាប់កាសែត Angeles Times កាលពីថ្ងៃចន្ទ លោក Givens បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មន្ទីរបញ្ចកោណបានវាយតម្លៃថា ប្រជាជនកូរ៉េខាងត្បូង ២០,០០០នាក់ អាចនឹងត្រូវបានសម្លាប់ក្នុងមួយថ្ងៃ នៅក្នុងករណីដែលសង្រ្គាមជាមួយកូរ៉េខាងជើង ផ្ទុះឡើងសាជាថ្មីនៅលើឧបទ្វីបកូរ៉េ ហើយចំនួននេះមិនទាន់រាប់បញ្ចូលជនរងគ្រោះរបស់កូរ៉េខាងជើងដែលមាន ប្រជាជនចន្លោះពី ២៧ ទៅ ២៨លាននាក់ផង»។ គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ (Ri Yong Ho) បានចោទប្រកាន់ថា ការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចំពោះមុខមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុន គឺប្រៀបបានទៅនឹងការប្រកាសសង្រ្គាម ជាមួយប្រទេសរបស់លោក ហើយថាទីក្រុងព្យុងយ៉ាង មានសិទ្ធិបាញ់ទម្លាក់រាល់យន្ដហោះចម្បាំងអាមេរិក។ «វាជាសេចក្ដីថ្លែងការណ៍ប្រកាសសង្រ្គាមយ៉ាងច្បាស់ក្រឡែត ពីព្រោះវាជាពាក្យសម្ដីចេញពីមាត់ប្រធានាធិបតីអាមេរិកម្នាក់ ដែលកំពុងកាន់អំណាច… ដូច្នេះបើសិនវាជាការប្រកាសសង្រ្គាម ទោះបីជាយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក មិនបានហោះហើរក្នុងដែនអាកាសកូរ៉េខាងជើងក៏ដោយ ក៏យើងនឹងចាត់រាល់វិធានការទំាងអស់ ដើម្បីការពារខ្លួនឯងក្នុងនោះរួមមានទាំង ការបាញ់ទម្លាក់យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក»។ នេះគឺជាសម្ដីរបស់លោក Ri Yong Ho ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងញួយ៉ក កាលពីថ្ងៃចន្ទ៕

Comments

comments