(ខេត្តរតនគិរី) ៖ បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវស្ត្រីម្នាក់ជួលឌុបទៅផ្លូវឆ្ងាយហើយស្ងាត់ ស្មានតែស្រីមិនចេះប្លន់ មានអីត្រូវមួយកាំបិតចំកញ្ចឹងករ របួសយ៉ាងធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកវើនសៃ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ មានករណីប្លន់មួយបានកើតឡើងស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី នៅចំណុចផ្លូវលំស្ងាត់។ ដោយប្លន់យកម៉ូតូ ពីជនរង្គ្រោះឈ្មោះ អ៊ុ នី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបររត់ម៉ូតូឌុប។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចតាមស្រាវចាប់បានមានឈ្មោះ ផាន់ ស៊ីណាត ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ.ឡាវ រស់នៅភូមិប៉ាកាឡាន់ ឃុំប៉កាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី មុខរបរមិនពិតប្រកដ។ មុនពេលកើតហេតុ ជនរង្គ្រោះឈ្មោះ អ៊ុ នី ជាអ្នករត់ម៉ូតូឌុប ត្រូវបានជនសង្ស័យស្រីឈ្មោះ ផាន់ ស៊ីណាត ជួលឌុបពីក្រុងបានលុង ទៅស្រុកវើនសៃក្នុងតម្លៃ៣ម៉ឺនរៀល លុះមកដល់កន្លែងស្ងាត់ជិតទីរួមស្រុកវើនសៃ ជនសង្ស័យក៏ប្រាប់ឲ្យតៃកុងម៉ូតូឈប់ដើម្បីចុះបត់ជើង ខណៈម៉ូតូបន្ថយល្បឿនបំរុងឈប់ ភ្លាមនោះជនសង្ស័យក៏ដកកូនកាំបិតចុងស្រួចពីកាបូបស្ពាយ ចាក់តៃកុងចំកញ្ចឹងក ពីក្រោយបណ្ដាលឲ្យជនរង្គ្រោះ រងរបួសជាទម្ងន់ ហើយក៏ជីះម៉ូតូរត់បានចម្ងាយ ១៦គីឡូម៉ែត្រ ដោយឈាមហូរច្រើនពេកក៏ឈប់ ហើយពឹងឲ្យគេជួយហៅរថយន្តសង្គ្រោះយកទៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្រោយពេលកើតហេតុកម្លាំងជំនាញស្នងការនគរបាលខេត្ត បានសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកវើនចុះស្រាវជ្រាវរក រហូតដល់ម៉ោង៣:៣០នាទីរសៀលថ្ងៃដដែលទើបឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ដកហូតបានកូនកាំបិតចុងស្រួចប្រឡាក់ឈាម១ ស្បែកជើងពីរគូរ(ចាស់១គូរ ថ្មី១គូរ)ជារបស់ជនសង្ស័យ។ បច្ចុប្បន្ន អធិការនគរបាលស្រុកវើនសៃ កំពង់កសាងសំណុំ រឿងតាមនិតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីចាត់ការបន្ត៕