អ្នកនាង ម៉េង កែវជ្ជតា ថា ការប្រតិកម្មដើម្បីចំរាញ់គុណភាព!

120

ការរិះគន់ពីសំណាក់មហាជនលើអ្នកស្រី ហឹម ស៊ីវន ថាបានធ្វើការត្រាប់តាម និងរិះគន់សម្លេងរបស់បេក្ខជន ក្នុងកំឡុងពេលប្រលងចម្រៀង “សំនៀងឯក” មក អ្នកនាង ម៉េង កែវជ្ជតា ដែលជាគណកម្មការមួយរូប បានឆ្លើយតបទៅនឹងការរិះគន់នោះថា ការដែលគណកម្មការបានរិះគន់ទៅលើបេក្ខជន គ្រាន់តែចង់ចំរាញ់នូវជ័យលាភីមួយដែលមានគុណភាពប៉ុណ្ណោះ…។ អ្នកនាង ម៉េង កែវជ្ជតា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ កម្មវិធីប្រលងមួយដែលហ៊ានចំណាយលុយដ៏សន្ធឹកសន្ធាប់ គេប្រាកដជាមិនចង់បានអ្នកជាប់ ជ័យលាភីដែលគ្មានគុណភាពឡើយ ។ ការលេងល្ខោនបោកភ្នែក បញ្ជោរ បញ្ចើចបញ្ចើរ ហៃអើ តែស្ករលើកជើង មិនមែនជាចរិតរបស់ខ្ញុំទេ ហើយក៏គ្មានផលល្អអ្វី ចំណេះដឹងជាដុំកំភួនអ្វីដល់បេក្ខជនដែរ ក្រៅពីបានត្រឹមតែសប្បាយមើល លេងប្រលែងអែបអបអត់បានការ លុះបានជាប់ក្លាយជាតារាច្រៀងបានត្រឹមតែពីបទគេភ្លេចសូន្យ ។ អ្នកនាងថា បើឃើញខុសតែបែរជាលាក់ ដូចរុញគ្នាអោយធ្លាក់ទឹកស្លាប់ទាំងរស់ ។ តើការទិតៀនពីគ្រូចំពោះបេក្ខជននាពេលនេះ និងពាក្យរិះគន់ មើលងាយ សើចចំអកពីទស្សនិកជនថាជាតារា ចោលម្សៀតនាពេលខាងមុខ មួយណាវាខាតជាង ឈឺជាង ហើយអាម៉ាស់ជាង? មិនតែប៉ុណ្ណោះអ្នកចម្រៀងចាស់វស្សានេះបានលើកឡើងថាបើថ្ងៃនេះអ្នកទ្រាំទទួលយកការពិតពីគ្រូមិនបានផង តើថ្ងៃមុខធ្វើម៉េចអ្នកនឹងអាចទទួលយកការរិះគន់ពីមហាជនបានទៅ ? ការខំបកស្រាយពន្យល់ប្រាប់ពីអាថ៌កំបាំងគ្មានលាក់លៀម តើទៅរកឯណាបានបើមិនចំណាយលុយទាំងដុំ? គ្មាននរណាចិត្តល្អមកប្រាប់យើងអស់អាចម៍អស់នោម Free Free នោះទេ ( សូមទោស ) លើកលែងតែគ្រូបង្វឹកនោះអត់ចេះដែរ គ្មានអ្វីពន្យល់ គ្មានអ្វីជាឧទាហរណ៍អោយសិស្ស ក៍យកការលេងសើចមកបន្លប់បោកអ្នកមើលទៅ ។ សូមអធ្យាស្រ័យនិយាយត្រង់ទៀតហើយ ដូច្នេះ សូមមេត្តាកុំបង្ខំខ្ញុំអោយធ្វើអ្វីដែលមិនមែនជាខ្ញុំ កុំបង្ខំអោយខ្ញុំក្បត់ខួរក្បាលខ្ញុំ ខ្ញុំមិនអាចទេ ខ្ញុំមិនចេះមុសាទេ។ គ្រូល្អមិន មែនបង្រៀនអោយសិស្សស្រលាញ់ទេ តែបង្រៀនអោយសិស្សពូកែ អោយសិស្សខ្លាំង ។ ខ្ញុំតែងតែស្តាប់អ្នកដែលជាគ្រូ ព្រោះយ៉ាងណា ពួកគាត់បានទទួលជោគជ័យរួចហើយ៕

Comments

comments