ចំបក់រមណីយដ្ឋានធម្មជាតិស្រស់ស្អាតកណ្ដាលព្រៃជាមន្តស្នេហ៍ដ៏ពិសិដ្ឋ

973

កំពង់ស្ពឺៈ រមណីយដ្ឋានចំបក់ ជារមណីយដ្ឋានដែលធ្វើការអភិវឌ្ឍដោយសហគមន៍តាំងពីឆ្នាំ២០០៣ទៅជា  រមណីយដ្ឋានដែលមានលក្ខណៈធម្មជាតិសុទ្ធសាធ។ ទីនេះស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ចម្ងាយប្រមាណ១គីឡូម៉ែត្រខាងជើងឧទ្យានជាតិគីរីរម្យ។

នៅពេលដែលធ្វើដំណើរមកដល់ទីនេះ អ្នកទេសចរអាចជួលរទេះគោរបស់សហគមន៍ជិះបន្តទៅមុខទៀតចម្ងាយ៤គីឡូម៉ែត្រ ឬក៏អាចដើរដោយថ្មើជើងក៏បាន។ ឆ្លងកាត់ព្រៃឫស្សីដែលដុះយ៉ាងក្រាស់ក្រែល លាយឡំជាមួយព្រៃឈើតូចធំមានពណ៌បៃតងស្រងាត់។

ការធ្វើដំណើរកាត់ព្រៃដែលមានតែសំឡេងសត្វយំឆ្លងឆ្លើយគ្នា  លាយឡំដោយក្លិនបុប្ផជាតិពិតជាធ្វើឲ្យអារម្មណ៍អ្នកទេសចរស្រស់ប្លែកពីការកម្សាន្តនានាដែលមានលក្ខណៈទាន់សម័យ។ ទីនេះមិនទាន់មានការកែប្រែអ្វីទេ សហគមន័៍នៅរក្សាបរិយាកាសធម្មជាតិសុទ្ធសាធសម្រាប់ជាតម្រូវការរបស់ភ្ញៀវដែលចូលចិត្តបរិយាកាសបែបនេះ។

នៅទីនេះ មានទឹកធ្លាក់ជា៤ដំណាក់ផ្សេងគ្នា ព្រមជាមួយទេសភាពព្រៃភ្នំ ក្រំថ្មយ៉ាងប្រណីត។ ទឹកដែលហូរចុះមកពីលើកំពូលភ្នំ ជាស្បៃទឹកដែលមានសណ្ឋានដូចជាផ្សែងត្រជាក់ស្រិប។ ក្រៅពីនេះមានផ្ទាំងថ្មធំៗអមជាដោយអូរវែងអន្លាយបត់បែនតាមជ្រលងភ្នំ ដោយមានម្លប់ឈើ និងម្លប់ឫស្សីត្រឈឹងត្រឈៃសម្រាប់បានជាម្លប់ដលភ្ញៀវគ្រប់រូបដែលមកកម្សាន្ដ។

យោងតាមរបាយការណ៍របស់សហគមន៍ដែលធ្វើការអភិវឌ្ឃទីនេះបានឲ្យដឹងថា ដំបូងឡើយទីនេះកន្លែងដែលមានបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យ ប្រសិនជាគ្មានការទប់ស្កាត់ទេនោះ ប្រហែល ក្លាយជាភ្នំត្រងោលបាត់ទៅហើយ។ បន្ទាប់ពីធ្វើការស្ដាឡើងវិញ ទីនេះក៏មានព្រៃគង់វង្ស និងដុះឡើងវិញ ហើយបានប្រែក្លាយជាកន្លែងសម្រាប់ការមកកម្សាន្ដរបស់ភ្ញៀវជាតិ អន្តរជាតិ។ ភ្ញៀវដែលមកកម្សាន្ដច្រើនជាងសព្វដង គឺមានតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិប៉ុណ្ណោះ៕

Comments

comments