(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក សមាជិកានៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នេះអញ្ជើញចូលរួមប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។ កិច្ចប្រជុំរដ្ឋសភានៅថ្ងៃស្អែកនេះ នឹងបន្តពិភាក្សាទៅលើរបៀបវារៈសំខាន់ៗចំនួនពីររួមមាន៖
១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការយល់ព្រមលើ សេចក្តីព្រៀង និងការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។
២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រមួយ ដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បាននឹងកំពុងបន្តពិភាក្សាលើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតចំនួន៤ ដែលស្នើដោយក្រុមអ្នកតំណាងរាស្រ្ត ៤៣រូប មកពីគណបក្សកាន់អំណាច។ ច្បាប់ទាំងបួន ដែលស្នើធ្វើវិសោធនកម្ម ហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបន្តពិនិត្យនៅព្រឹកថ្ងៃនេះរួមមាន៖
១. វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២. វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣. វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤. វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕