(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់និង ប្រកាសចាត់វិធានការយ៉ាងធ្ងន់ៗបំផុត តាមផ្លូវច្បាប់ទៅលើមន្ដ្រីនគរបាលកោសល្យវិច្ច័យ និងបុគ្គលនគរបាលទាំងឡាយណាពាក់ព័ន្ធ ដែលបានថតរូបអាក្រាតសពតារាចម្រៀង សាន ស្រីឡៃ ទៅចែកចាយតាមគ្រូប និងបណ្ដាញទំនាក់ទំនងសង្គម Facebook បន្ទាប់ពីពួកគេបានធ្វើកោសល្យវិច្ច័យទៅលើ សពរួចមកនោះ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកំពុងឲ្យតាមស្រាវជ្រាវចំពោះបុគ្គលមន្ដ្រីនគរបាលទាំងនោះ បើសិនប្រព្រឹត្តទង្វើបែបនេះមែន ខ្ញុំមិនលើកលែងឲ្យនោះទេ គឺនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរឹងបំផុត មិនលើកលែងឲ្យឡើយ ពីព្រោះវាធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សព ហើយក៏វាប៉ះពាល់ចំពោះវិជ្ជាជីវៈ និងក្រមសីលធម៌របស់មន្ដ្រីនគរបាលយើង»។
ការចេញមកបញ្ជាក់ពីចំណាត់ការដ៏តឹងរឹងរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ខាងលើនេះបានកើតឡើងបន្ទាប់ពីមហាជន បានសម្ដែងការខឹងសម្បារ និងថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះទង្វើអសីលធម៌បំផុត របស់មន្ដ្រីនគរបាលកោសល្យវិច្ច័យដែលបានថតរូបអាក្រាត សពតារាចម្រៀង សាន ស្រីឡៃ យកទៅចែកចាយតាមគ្រូប និងលើបណ្ដាញទំនាក់ទំនងសង្គម Facebook ទៀតផង។
ដោយឡែកលោក ឡាញ់ យ៉ូវម៉ា នាយការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន ឲ្យដឹងទៀតថា បើសិនមន្ដ្រីនគរបាលណាម្នាក់របស់លោក ត្រូវបានរកឃើញថា ប្រព្រឹត្តទង្វើអសីលធម៌បែបនេះ លោកនឹងចាត់វិធានការតាមរដ្ឋបាលយ៉ាងតឹងរ៉ឹងបំផុត។
ទោះជាយ៉ាងណាក៏ដោយ នាយការិយាល័យរូបនេះ ក៏បានបញ្ជាក់ពីមូលហេតុមួយចំនួនផងដែរថា នៅពេលធ្វើកោសល្យវិច្ច័យសពជនរងគ្រោះ ក្រោយកើតហេតុភា្លមៗនោះ គឺមានការចូលរួមពីមន្ដ្រីនគរបាលប៉ុស្ដិ៍ មន្ដ្រីនគរបាលខណ្ឌ មន្ដ្រីសាលាខណ្ឌ និងមន្ដ្រីកងរាជអាវុធហត្ថផងដែរ ដោយឡែកមន្ដ្រីរបស់លោក គឺមាន៤នាក់ ដូច្នេះលោកក៏មិនទាន់អាចដឹងច្បាស់ថា រូបថតអាក្រាតចេញពីមន្ដ្រីណានោះឡើយ។
កំហឹងមហាជនចំពោះមន្ត្រីនគរបាលកោសល្យវិច័្ចយមួយចំនួន ត្រូវបានផ្ទុះឡើងយ៉ាងខ្លាំង ក្រោយពេលពួកគាត់បានយកសពតារាចម្រៀង សាន ស្រីឡៃ ទៅធ្វើកោសល្យវិច័យតាមនីតិវិធីច្បាប់ ប៉ុន្តែក្រោយពេលធ្វើកោសល្យវិច្ច័យរួចហើយ ក្រុមមន្ត្រីកោសល្យវិច័្ចយដែលគ្មានសីលធម៌ និងគ្មានក្រមសីលធម៌ក្នុងខ្លួនទាំងនោះ បែរជានាំគ្នាថតរូបភាពអាក្រាត ២-៣ប៉ុស្តិ៍ ផ្នែកខាងមុខរបស់សព ហើយក៏បង្ហោះចែកចាយគ្នាមើលពេញទឹកពេញដីក្នុងគ្រុបយ៉ាងសប្បាយទៅវិញ។
មហាជនបានបន្តរិះគន់ថា នេះគឺជាសពរបស់មនុស្ស មិនមែនខ្មោចសត្វ ឬរុក្ខជាតិនោះទេ ទោះបីមនុស្សបានស្លាប់ទៅហើយក្ដី ក៏នៅមានសិទ្ធិជាឯកជនតាមច្បាប់នៅឡើយដែរ មិនមែនអាចឲ្យនរណា ឬមន្ត្រីណាម្នាក់មកថតរូបអាក្រាតកាយ ហើយបង្ហោះចែកគ្នាមើលគ្មានសីលធម៌ក្នុងខ្លួនយ៉ាងដូច្នេះទេ នេះជាការបំពាន និងអសីលធម៌ជាទីបំផុត។
ជាមួយនឹងការខឹងសម្បារ និងការថ្កោលទោសនេះ មហាជនទូទៅក៏បានអំពាវនាវយ៉ាងទទូចឲ្យស្ថាប័នមានសមត្ថកិច្ច តាមស្វែងរកមន្ត្រីកោសល្យវិច័្ចយដែលថតរូបនោះ យកមកផ្ទន្ទាទោសតាមច្បាប់ ដើម្បីឲ្យសមនឹងទង្វើរបស់ពួកគេ។ មហាជនបានលើកឡើងទៀតថា គួរណាស់យល់ពីអារម្មណ៍របស់ក្រុមគ្រួសារសពតារាចម្រៀង សាន ស្រីឡៃ រួមមាន៖ ម្តាយបង្កើត ប្អូនស្រីបង្កើត កូនៗបង្កើត ទទួលអារម្មណ៍និងសម្ពាធធ្ងន់កំរិតយ៉ាង?
សូមជម្រាបថា អំពើឃាតកម្មបាញ់សម្លាប់ចំនួន៣គ្រាប់ លើតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងគឺជាប្ដីរបស់ស្ដ្រីរងគ្រោះតែម្តង បច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន ហៅម៉ៅ អាយុជិត៥០ឆ្នាំ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ។ សពជនរងគ្រោះត្រូវបានបូជារួចរាល់ផងដែរ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតនៅវត្តសែនសុខ ខណ្ឌសែនសុខ ក្រោមការស្រែកទ្រហោយំខ្លាំងៗ គួរឲ្យអាណិតអាសូរយ៉ាងពន់ពេក និងសង្វេគបំផុតពីសំណាក់ម្ដាយបង្កើត កូនប្រុសដ៏គួរឲ្យស្រឡាញ់ទាំង២នាក់ សាច់ញាតិ បងប្អូន ព្រមទាំងមិត្តរួមអាជីពជាច្រើននាក់ ហើយសូម្បីតែពុទ្ធបរិស័ទក៏ដូចជាប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានផងដែរនោះ ក៏ទប់ទឹកភ្លែកមិនបានផង។
- រូបភាពមិនត្រូវបានចែកចាយនៅលើគេហទំព័ររបស់យើងឡើយ៕