កំណើតកំណាព្យខ្មែរ

1927

ទាក់ទិនជាមួយសិល្បៈនៃការតែងកាព្យ មានអ្នកសិក្សាជាច្រើនបានសន្និដ្ឋានថា កំណាព្យខ្មែរមានកំណើតមកពីមូលដ្ឋានឆន្ទៈសំស្រ្កឹតនិងបាលី ព្រោះតែគេសង្កេតឃើញនៅលើអត្ថបទសិលាចារឹក មិនមានអត្ថបទណាមួយសរសេរជាភាសាខ្មែរទេចាប់តាំងពីសម័យខាងដើម រហូតមកដល់ដើមសម័យអង្គរ។លុះមកដល់គ្រិស្តសករាជឆ្នាំ៦១១ ទើបមានអត្ថបទជាភាសាខ្មែរត្រូវបានចារនៅលើសិលាចារឹកឈ្មោះថា សិលាចារឹកអង្គរបុរី ស្ថិតនៅក្នុងស្រុកបុរីជលសារ ខេត្តតាកែវ។ ក្រោយមកទៀត ទៀតមានអត្ថបទជាកាព្យនឹងត្រូវបានអ្នកកវីចារនៅលើថ្មដែរ ឈ្មោះថា សិលាចារឹកជ័យនន្ទ នាឆ្នាំ១៧០១ ។ ទោះបីជាមានការអះអាងដូច្នេះក្ដី ក៏មិនទាន់មានលក្ខណៈច្បាស់លាស់ដែរ ដោយហេតុថា ការអះអាងនេះ គេយោលទៅលើខ្មែរ គ្មានភស្តុតាងជារូបពិតដើម្បីបង្ហាញតែប៉ុណ្ណោះ។ ធាតុពិត ជីវិត កំណាព្យខ្មែរ មានកំណើតពីយូរយាណាស់មកហើយ។បទចម្រៀងមួយចំនួន ទាក់ទងនៅក្នុងពិធីរៀបមង្គលការរបស់ខ្មែរយើង ដូចជាបទព្រះថោងនាងនាគ បទនាគព័ន្ធ ចំបក់រោយ… ត្រូវបានគេជឿជាក់ថា បទចម្រៀងនេះ ជាបទកំណាព្យរបស់ខ្មែរយ៉ាងពិតប្រកដ។ ចម្រៀងទាំងនេះ គឺមានរង្វាស់កាព្យបទមេបួន ដែលនៅក្នុងមួយល្បះមាន៤ឃ្លា ហើយ១ឃ្លាមាន៤ព្យាង្គស្មើៗគ្នា។រូបមន្តនេះ មានភាពល្អឥតខ្ចោះសម្រាប់ការតុបតែងជាកំណាព្យរបស់ខ្មែរ។ នៅកុលសម្ព័ន្ធជនជាតិភាគតិចរបស់ខ្មែរដែលពួកនេះត្រូវបានអ្នកប្រវត្តិវិទូបញ្ជាក់ថា បន្ទាប់ពីពួកចំណូលថ្មីមកដល់ស្រុកខ្មែរ ពួកគេមិនព្រមទទួលយកវប្បធម៌ថ្មី ក៏បាននាំគ្នាទៅរស់នៅលើកំពូលភ្នំ ចោលផ្ទះសម្បែង រួចបង្កកំណើតនិងកសាងវប្បធម៌សម្រាប់ក្រុមគេ រហូតដល់សព្វថ្ងៃ។ ពួកជនជាតិភាគតិចទាំងនោះ មានដូចជា ព្នង កួយ សំរែ រដែជាដើម ដែលរហូតមកដល់សព្វថ្ងៃនេះ ពួកគេនៅតែប្រើពាក្យពេចន៍ជាឃ្លាប្រយោគរបស់ខ្មែរ មិនមានលាយជាភាសាបាលី ឬសំស្រ្កឹតឡើយ។ រណ្ដាប់បទចម្រៀងទៀតសោត  គឺមានការចាប់ចុងចួនគ្នាណែងណងពីរោះល្គងល្គាយ ទៅតាមសង្គមបរិយាកាសនៃបទ។ អ្នកសិក្សាស្រាវជ្រាវបានរកឃើញពាក្យបុរាណខ្មែរមួយចំនួនធំនៅក្នុងបទចម្រៀងរបស់ជនជាតិភាគតិច មានដូចជាពាក្យថា ចំរេង (ចម្រៀង)  រមំ (អ្នករាំ) រំ (រាំ)មួយវិញទៀត  នៅក្នុងទំនុកច្រៀងរបស់វង់ភ្លេងអារក្សជាវង់ភ្លេងរបស់ខ្មែរពីតំបូងនោះ គឺមានកំណើតតាំងពីសម័យមុនពេលដែលពួកឥណ្ឌាបាននាំអរិយធម៌ខ្លួនមកផ្សព្វផ្សាយម៉្លេះ។ អ្នកសិក្សាស្រាវជ្រាវបានបង្ហាញថា វង់ភ្លេងនេះ មានកំណើតតាំងពី៣០៩ឆ្នាំមុនគ្រិស្ដសករាជ។ ត្រង់នេះ យើងអាចយល់ច្បាស់ថា ខ្មែរសម័យនោះ មានទំនុកច្រៀងយ៉ាងពីរោះរណ្ដំណែងណង ជាជើងកាព្យខ្មែរយ៉ាងពិតប្រាកដ។ ភស្តុតាងទាំងនេះបញ្ជាក់យ៉ាងច្បាស់លាស់ថា ខ្មែរមានមូលដ្ឋានសម្រាប់ការតែងកាព្យនេះជាយូរមកហើយ។ កំណាព្យខ្មែរមួយបទ គឺបទមេបួនជាកំណាព្យមួយដែលមានអាយុកាលចាស់ជាងគេ ឬអាចហៅថា កំណាព្យនេះហើយជាមេ សម្រាប់ការបង្កើតបទកំណាព្យដទៃទៀតរបស់ខ្មែរសម័យបច្ចុប្បន្ន ៕ ដោយ អៀង ពិសី

 

Comments

comments