កំពង់ភ្លុក ឬភូមិលិចទឹកកំពង់ភ្លុក ជាឈ្មោះភូមិបណ្ដែតទឹកមួយដែលស្ថិតនៅបឹងទន្លេសាប…ដែលចាត់ទុកជាកន្លែងក្សាន្តធម្មជាតិដែលមានសម្រស់ស្រស់បំព្រងសម្រាប់ទាក់ទាញភ្ញៀវទេចរណ៍ជាតិ អន្តរជាតិមកទស្សនាជាលក្ខណៈគ្រួសារ ឬក្រុមហ៊ុន អង្គភាពការងារផងដែរ។ បន្ថែមលើសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៃព្រៃលិចទឹក គេក៏ឃើញវត្តមានសត្វស្លាបនិងជីវចម្រុះនានានៅទីនេះមានច្រើនសន្ធឹកសន្ធាប់ផងដែរ។កំពង់ភ្លុក ឬភូមិលិចទឹកកំពង់ភ្លុក ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ កំពង់ភ្លុក ជាឃុំមួយ ដែលមានភូមិចំនួន៣រួមបញ្ចូលគ្នា នៅលើបឹងទន្លេសាប (៦ខែគោក ៦ខែលិចទឹក)។អ្នកទេសចរដែលទៅទីនោះ អាចជិះទូកលេងកម្សាន្ត មើលថ្ងៃលិច មើលកសិដ្ឋានចិញ្ចឹមក្រពើ ស្វែងយល់ពីជីវភាពរស់នៅរបស់អ្នកភូមិ ជាពិសេសគឺទេសភាពផ្ទះបណ្តែតទឹកនៅទីនោះតែម្តង៕