កាលពីម្សិលមិញមានសិល្បករ សិល្បការិនីជាច្រើនបានទៅចូលរួមបុណ្យសព្វគម្រប់ខួប ៧ថ្ងៃរបស់តារាចម្រៀងនិងតារាសម្ដែង សាន ស្រីឡៃ ដែលប្រារព្ធធ្វើនៅក្នុងវត្ត ទូលទំពូង។ អតីតតារាចម្រៀងសិចស៊ី សិន ឧត្តមផល្លា បានថ្លែងថាតាមពិតទៅ ពួកយើងទាំងអស់គ្នា ពិតជាមានការសោកស្តាយខ្លាំងណាស់ ចំពោះការបាត់បង់តារារូបនេះ(ស្រីឡៃ) ហើយក៏គ្មានអ្នកណាម្នាក់ចង់អោយរឿងនេះកើតឡើងដែរ និយាយការពិត តារាៗខ្លះ រួមទាំងខ្ញុំផង មិនធ្លាប់ស្គាល់ប្អូន សាន ស្រីឡៃ ពីមុនមកទេ ហើយក៏មិនធ្លាប់បានស្និទ្ធស្នាលនិងគ្នាដែរ គ្រាន់តែដឹងថាគាត់ គឺជាតារាចម្រៀង និងតារាសម្តែងដែលទើបតែនឹងរះ…។
អ្នកនាងផ្លានិយាយបន្តថា ទោះជាពួកយើងរវល់នឹងការងារយ៉ាងណា ក៏ពួកយើងនៅតែឆ្លៀតនាំគ្នាទៅចូលរួមឱ្យខានតែបាន នេះបញ្ជាក់ថា ការស្រលាញ់ និងការអាណិតចំពោះប្អូន សាន ស្រីឡៃ ពិតជាមានទំហំធំធេងណាស់។ ហើយចំពោះរូបភាព ក៏មានរូបខ្លះបង្ហាញពីការសោកស្ដាយចំពោះការបាត់បង់នេះ ហើយក៏មានរូបភាពខ្លះបង្ហាញពីទឹកមុខញញឹមញញែម នេះមិនមែនមានន័យថា ពួកយើងទៅសប្បាយរីករាយមិនកាន់ទុក្ខនោះទេ កុំពេលគេអត់ទៅថាគេអត់ទៅ ពេលគេទៅហើយគ្រាន់តែមានរូបភាពខ្លះញញឹមសើចស្ញេច បែរជាមានអ្នកបញ្ចេញមតិថា(coment)ថា ធ្វើមុខរីករាយដូចទៅខួបកំណើត ហើយខ្លះទៀតប្រើពាក្យថា គ្មានសីលធម៌ ហើយខ្លះទៀតចោទទៅកាន់ ហង្សមាសថា សាន ស្រីឡៃ ស្លាប់មិនទាន់បានប៉ុន្មានប្រកាសរកតួថ្មី នេះគេហៅថាទើសឥតល្ហែ ធម្មតាអ្នកសិល្បៈមិនងាយមានពេលវេលាជួបជុំគ្នាម្លោះហើយមានរូបខ្លះញញឹមញញែម ហើយសូម្បីតែក្រុមគ្រួសារនៃសព្វ ក៏ពួកគាត់មានការញញឹមញញែមរាក់ទាក់នៅក្នុងការទទួលភ្ញៀវដែរ ហើយខ្ញុំចង់សួរថា អ្នកដែលថាអោយគេគ្មានសីលធម៌ហ្នឹង តើមានបានមកចូលរួមបុណ្យសព្វ សាន ស្រីឡៃ ដែរឬទេ ?
អ្នកចម្រៀងយ៉េៗរូបនេះថា ជាចុងក្រោយ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធប្អូន សាន ស្រីឡៃ បានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។