រតនគិរីៈ បាតុភូតបន្ទុះភ្នុំភ្លើងនៅប្រទេសកម្ពុជាកាលពីរាប់សែនឆ្នាំមុន បានបន្សល់កេរដល់ប្រទេសកម្ពុជានូវរណ្ដៅមួយដែលបច្ចុប្បន្នបានក្លាយជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញនៅខេត្តរតៈគិរីមានឈ្មោះថា បឹងយក្សឡោម។ រមណីដ្ឋានបឹងយក្សឡោមជាបឹងធម្មជាតិមួយស្ថិតនៅចំកណ្តាលភ្នំក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនៈគិរី ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីទីក្រុងបានលុង។ បច្ចុប្បន្ន ភ្ញៀវទេសចរអាចទៅកម្សាន្តនៅបឹងនេះបានដោយការជិះរថយន្តលើផ្លូវក្រាលកៅស៊ូស្អាត ដែលធ្វើឲ្យការបើកបរមិនមានជួបការលំបាក ឬព្រួយបារម្ភពីសុវត្ថិភាពឡើយ។ បឹងនេះមានបរិមាត្រ ២.៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅគិតជាមធ្យម៥០ម៉ែត្រ។ សព្វថ្ងៃនេះ ប្រជាជនបានមករស់នៅជាហូរហែតាមផ្លូវចូលទៅយក្សឡោម ដែលបណ្ដាលឲ្យទីនេះមានសភាពអ៊ូអរមួយកម្រិតទៀត។ សព្វថ្ងៃនេះបឹងយក្សឡោម ត្រូវបានសហគមន៍ខ្មែរជនជាតិភាគតិចធ្វើការអភិរក្សនិងអភិវឌ្ឍកាន់តែមានភាពល្អប្រសើរជាងមុន ដូចជាបានរៀបចំឲ្យកន្លែងសម្រាប់ចតរថយន្ត មានបង្គន់អនាម័យ កន្លែងសម្រាប់ទទួលទានអាហារនៅតាមមាត់បឹង ពិសេសគេបានរៀបចំកន្លែងសម្រាប់ថតភាពយន្ត ព្រមជាមួយការធ្វើពិធីតាំងពិព័ណ៌បង្ហាញវប្បធម៌របស់ជនជាតិភាគតិច។ ក្រៅពីនេះ សហគមន៍ក៏មានការរៀបចំកន្លែងសម្រាប់លក់វត្ថុអនុស្សាវរីយ៍ដែលជាស្នាដៃរបស់បងប្អូនជនជាតិភាគតិចធ្វើពីរុក្ខជាតិពិតៗក្នុងតម្លៃថោកសមរម្យ។ សហគមន៍ក៏បានរៀបចំធ្វើជាផែសម្រាប់សម្រួលដល់ការចុះមុជទឹករបស់ភ្ញៀវដែរ ព្រមជាមួយអាវសម្រាប់ហែលទឹកជូនដល់ភ្ញៀវមិនមានព្រួយបារម្ភពីសុវត្ថិភាព។ មន្រ្តីសហគមន៍បឹងយក្សឡោមបានប្រាប់ថា សព្វថ្ងៃនេះ ភ្ញៀវទេសចរដែលចូលទស្សនាកម្សាន្តនៅយក្សឡោមត្រូវទិញសំបុត្រ សម្រាប់ជនជាតិខ្មែរម្នាក់តម្លៃ៣០០រៀល រថយន្តតូច៣០០០រៀល និងតម្លៃ៥០០០រៀលសម្រាប់រថយន្តទេសចរធំ ប្រសិនណាជាភ្ញៀវពាក់អាវពោងសម្រាប់ហែលទឹកលេងផង គឺត្រូវជួលក្នុងតម្លៃអាវមួយ២០០០រៀលក្រៅពីនេះគឺមិនមានការបង់ថ្លៃសេវាអ្វីបន្ថែមទៀតឡើយ។ ជាមួយនឹងរមណីយដ្ឋានធម្មជាតិបឹងយក្សឡោមអ្នកស្រុកមានជំនឿថា បឹងនេះមានអារក្សទឹក និងអារក្សភ្នំថែរក្សាការពារ ពួកគេមិនហ៊ានកាប់ ឆ្ការព្រៃនៅទីនោះឡើយព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់ពួកគេ។ ខណៈដែលមានអ្នកឈឺម្តងៗអ្នកស្រុកតែងយកជ្រូក មាន់ ទាទៅសែនដើម្បីសុំសេចក្តីសុខនិងជាសះស្បើយ តែពេលនេះជំនឿ ទាំងអស់នោះត្រូវបានសាបរលាបហើយហើយបឹងយក្សឡោមក៏ក្លាយរមណីយដ្ឋានសម្រាប់កម្សាន្តគ្រប់ស្រទាប់ជាន់ថ្នាក់៕
ព័ត៌មាន រណ្ដៅភ្នំភ្លើ...