កំណើនថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ នេះដែលទីស្ដីការគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ គ្រោងបញ្ជូនទៅអង្គសភា ដើម្បីអនុម័តក្លាយជាច្បាប់ ដោយថវិកាជាតិនៅឆ្នាំ២០១៨ នេះមានជាង៦ពាន់លានដុល្លា។ ថវិកាជាតិឆ្នាំ២០១៨ បានកើនឡើងជិត ៨រយលានដុល្លារធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅ។
ថវិកាជាតិទាំងនោះ នឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជាតិ។ ថវិកានេះក៏នឹងជួយកែលម្អវិស័យសុខភាពសាធារណៈ និងបង្កើនប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មកររោងចក្រ។ សេចក្ដីព្រាងច្បាប់បញ្ជាក់ថា មន្ត្រីីរាជការ កងកម្លាំងប្រដាប់អាវុធនឹងត្រូវដំឡើងប្រាក់ខែ ជាង ២៥០ដុល្លារ ចំណែកកម្មកររោងចក្រនឹងត្រូវដំឡើងប្រាក់ខែ ១៧០ដុល្លារនៅឆ្នាំ ២០១៨។
សេចក្ដីព្រាងច្បាប់រំពឹងថា ចំណូលមនុស្សម្នាក់ធៀបនឹងផលិតផលក្នុងស្រុកសរុប បន្តឡើងដល់ប្រមាណ ជិត ១.៦០០ដុល្លារ នៅឆ្នាំ២០១៨។ ចំណែកអត្រាប្ដូរប្រាក់ក្នុងរង្វង់ ៤ពាន់ ៥០រៀល ហើយអត្រាអតិផរណាជាមធ្យមស្ថិតក្នុងរង្វង់៣ភាគរយ៕