ប្រាសាទ ដាវីន គឺជាអតីតតារាសម្តែងនិងជាតារាបង្ហាញម៉ូដដ៏ល្បីល្បាញមួយរូបក្នុងទសវត្សរ៍ ឆ្នាំ២០០០ ប្រាសាទ ដាវីន បានចូលប្រឡូកក្នុងវិថីសិល្បៈតាមរយៈការប្រឡង Freshe girl ក្នុងឆ្នាំ២០០៥ ជំនាន់ទី៤ ដោយពេលនោះនាងមានវ័យ១៧ឆ្នាំ នាងបានទទួលចំណាត់ថ្នាក់លេខ៣ ជាមួយរូបរាងដ៏ខ្ពស់ស្រឡះ ១ម៉ែត្រ៧៥ ប្រាសាទ ដាវីន ជាតារាមួយដួងដែលមានមុខមាត់រូបរាង និងពណ៌សម្បុរបែបទឹកឃ្មុំដូចតារាបទេស នៅក្នុងទសវត្សឆ្នាំ២០០០ ពិភពសិល្បៈខ្មែរពិតជាមានភាពភ្ញាក់ផ្អើល បន្ទាប់ពីមានវត្តមានតារារូបនេះដែលមានរូបឆោមខុសពីតារាខ្មែរដទៃទៀត ដែលបានជំរុញឲ្យតារារូបនេះមានភាពល្បីល្បាញយ៉ាងឆាប់រហ័សនាសម័យនោះ តារារូបនេះពិតជាមានទេពកោសល្យពីធម្មជាតិយ៉ាងពិតប្រាកដ តាមរយៈការថតរូប ការដើរម៉ូត និងការសម្ដែង ។
នៅក្នុងឆ្នាំ២០០៨ ជាឆ្នាំដែលតារារូបនេះមានភាពល្បីល្បាញយ៉ាងខ្លាំង ហើយក៏ជាឆ្នាំដែលតារារូបនេះមានឱកាសបានចេញទៅសម្ដែងនៅឯប្រទេសបារាំង ការចាកចេញទៅនេះទើបតែបានមួយសប្តាហ៍ ស្រាប់តែមានជនអនាមិក បានយកគ្រាប់បែកភ្ជាប់ជាមួយនឹងសំបុត្រមួយច្បាប់បោះចូលទៅក្នុងផ្ទះរបស់នាង និងមានការគំរាមកំហែង ប៉ុនប៉ងដល់អាយុជីវិតនាង និងក្រុមគ្រួសារ ដោយភាពភ័យខ្លាច តារារូបនេះបានភៀសខ្លួនទៅរស់នៅឯប្រទេសអូស្រ្តាលី តារារូបនេះក៏ដកខ្លួនចេញពីវិថីសិល្បៈអស់មួយរយៈធំ បើសិនជាតារារូបនេះមិនមានការគំរាមកំហែង នៅតែបន្តការសម្ដែងនិងដើរម៉ូដរហូតមកដល់ពេលនេះ តារារូបនេះប្រាកដជាទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងក្លាលើសតារាណាៗទាំងអស់នាទសវត្សថ្មីនេះ ។
នៅក្នុងឆ្នាំ២០១៦ គេឃើញវត្តមានតារារូបនេះវិលត្រឡប់មកកាន់វិថីសិល្បៈវិញ តាមរយៈការថតស្ប៉ត និងការសម្ដែងសារជាថ្មី ប៉ុន្តែនេះគ្រាន់តែជាការថតដើម្បីកំសាន្តអារម្មណ៍ បច្ចុប្បន្នតារារូបនេះកំពុងតែរស់នៅក្នុងប្រទេស អូស្ត្រាលី៕