សីលធម៌ គឺជាធម៌ទាំងឡាយណាដែលនាំឱ្យមនុស្សវៀរចាកការប្រព្រឹត្តអំពើអាក្រក់ និងនាំមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន ថ្កុំថ្កើង និងសន្តិភាព។ ដូច្នេះ ប្រសិនបើគ្រួសារ សង្គម ឬប្រទេសជាតិ ឬក៏ពិភពលោកទាំងមូល មនុស្សគ្រប់រូបរស់នៅសុទ្ធតែប្រកបដោយសីលធម៌នៅក្នុងខ្លួន នោះការអភិវឌ្ឍនឹងកើតមានឡើងឥតឈប់ឈរ។ ផ្ទុយទៅវិញ ប្រសិនបើសីលធម៌ក្នុងសង្គមមួយធ្លាក់ចុះជាដុនដាប ប្រាកដណាស់សង្គមនោះច្បាស់ជាពោរពេញទៅដោយភាពចលាចល ចោរកម្ម អំពើឆក់ប្លន់ អំពើហិង្សាក្នុងគ្រួសារ ឬក៏អាចផ្ទុះជាសង្រ្គាមថែមទៀតក៏មាន។
បើយើងក្រឡេកមកមើលសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ ភាពចលាចល អំពើចោរកម្ម ដូចជាលួច ឆក់ ប្លន់ ការជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាក្នុងសង្គម តែងតែកើតមានឡើងជាញឹកញាប់។ តើសកម្មភាពទាំងអស់នេះ កើតឡើងដោយសារអ្វី? គឺកើតឡើងដោយសារកង្វះចំណេះដឹង ឬអ្នកខ្លះមានចំណេះដឹងដែរ តែខ្វះសីលធម៌។ កាលណាមនុស្សក្នុងសង្គមមួយខ្វះការសិក្សាអប់រំ ឬទទួលបានការសិក្សាអប់រំតិចតួច នោះនឹងធ្វើឱ្យមនុស្សក្នុងសង្គមនោះអសីលធម៌ ហើយកាលណាមនុស្សអសីលធម៌ ឬគ្មានសីលធម៌ក្នុងខ្លួន នោះប្រាកដជានឹងកើតមានភាពអនាធិបតេយ្យឥតឈប់ឈរជាក់ជាពុំខាន។ តួយ៉ាង ដូចជាជម្លោះរវាងអាមេរិក និងកូរ៉េខាងជើង ថ្មីៗនេះអ៊ីចឹង គឺកើតឡើងដោយសារការបង្អួតគ្រឿងសពា្វវុធទំនើបៗដាក់គ្នា ដើម្បីសម្ញែងអំណាចដាក់គ្នាទៅវិញទៅមក នេះគឺកើតឡើងដោយសារអំពើអសីលធម៌។
ដូច្នេះ តើត្រូវធ្វើយ៉ាងណាទៅទើបសីលធម៌មិនធ្លាក់ចុះ ហើយសង្គមគ្រួសារ ប្រទេសជាតិ និងពិភពលោក ប្រកបដោយសុខសន្តិភាព?
ក្នុងចំណោមចំណុចជាច្រើន បុគ្គលគ្រប់រូបគួរតែមានសីលធម៌ ៥ យ៉ាងនៅក្នុងខ្លួនជាប្រចាំ ដើម្បីឱ្យសង្គមគ្រួសារ ប្រទេសជាតិ ឬពិភពលោកទាំងមូលប្រកបដោយសុខសន្តិភាព ដែលសីលធម៌ទាំង៥យ៉ាងនោះរួមមាន៖
១. សីលធម៌ផ្ទាល់ខ្លួនឯង មានន័យថា ចេះដឹងខុសត្រូវ ស្គាល់ល្អស្គាល់អាក្រក់ តាំងខ្លួនជាម្ចាស់ចិត្តរបស់ខ្លួន និងក្លាហានជានិច្ចក្នុងផ្លូវត្រូវ…។
២. សីលធម៌ក្នុងគ្រួសារ មានន័យថា ត្រូវចេះស្រឡាញ់បីបាច់ថែរក្សាគ្នាក្នុងគ្រួសារឱ្យបានល្អប្រសើរ និងមានភាពសុខដុម ដោយពុំចាំបាច់គិតពីផលតបស្នងសមាជិកគ្រួសារមកលើខ្លួនវិញឡើយ ព្រោះវាជាតួនាទី និងភារកិច្ចរបស់ខ្លួនចំពោះគ្រួសារ។
៣. សីលធម៌ក្នុងវិជ្ជាជីវៈ មានន័យថា ត្រូវមានមនសិការការងារ ប្រកបរបររកស៊ីទៅតាមសមត្ថភាព និងសម្មាជីវោ មិនរំលោភសិទ្ធិលើអ្នកតូចជាងខ្លួន មិនពុករលួយ មិនកេងប្រវ័ញ្ច និងមិនធ្វើការលើសកម្លាំងខ្លួនឯង ដែលនាំឱ្យមានជំងឺដល់ខ្លួន។
៤. សីលធម៌ក្នុងសង្គម មានន័យថា ត្រូវរស់នៅក្នុងសង្គមប្រកបដោយសាមគ្គីភាព មិនមើលងាយអ្នកផងនឹងគ្នា ស្រឡាញ់យុត្តិធម៌ សច្ចធម៌ តម្លាភាព រាប់អានមនុស្សទូទៅដោយមិនប្រកាន់មានឬក្រ សឬខ្មៅ មិនបំពារបំពានអ្នកដទៃ និងចេះឱ្យតម្លៃអ្នកជុំវិញខ្លួន...។
៥. សីលធម៌ក្នុងពិភពលោក មានន័យថា ត្រូវចេះរួមរស់ប្រកបដោយសុខសន្តិភាពជាមួយបណ្ដាប្រទេសដទៃដោយមិនប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរ និងត្រូវចេះរស់នៅក្នុងភាពស្មើៗគ្នា មានតម្លៃដូចៗគ្នាប្រៀបបានទៅនឹងបងប្អូនក្នុងផ្ទៃតែមួយ។
សូមចងចាំថា ប្រសិនបើមនុស្សគ្រប់ៗរូបអាចប្រកាន់បាននូវសីលធម៌ទាំង៥ខាងលើនេះ នោះពួកគេនឹងអាចរស់នៅក្រោមដំបូលពិភពលោកតែមួយប្រកបដោយសន្តិភាព សុខសុភមង្គល និងភាពសម្បូរសប្បាយជាក់ជាពុំខាន៕