(ភ្នំពេញ)៖ បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនចំនួន ៧៦ បាន នឹងកំពុងធ្វើប្រតិបត្ដិការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសនានា ឌោយឡែកក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០១៧នេះ មានការកើនឡើង ជាង៥សែនតោន ពោលគឺមានកំណើនជាង២០% ហើយក្នុងចំណោមប្រទេសទាំង៦០នោះ មានប្រទេសចិនឈរនៅចំណាត់ថ្នាក់លេខ១ បារាំងលេខ២ នឹងប្រទេសប៉ូឡូញលេខ៣…។
យោងតាមរបាយការណ៍ចុងក្រោយ ដែលក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ទើបបានចេញផ្សាយក្នុងរយៈពេល៩ខែនាឆ្នាំ២០១៧នេះ បានបង្ហាញថា ការនាំចេញអង្ករ តាមរយៈច្រកចេញចូលតែមួយ មានបរិមាណសរុបចំនួម ៤៩៧៧៤ តោន ដែលកើនឡើងចំនួន ៨៣៤៧ តោន (+២០,១០%) បើធៀបនឹងការនាំចេញក្នុងខែដូចគ្នានេះកាលពីឆ្នាំ២០១៦។
របាយការណ៍បានបង្ហាញថា ក្នុង៩ខែឆ្នាំនេះចំពោះការនាំចេញទៅកាន់ទិសដៅប្រទេសទាំង៦០ ក្នុងចំណោមនោះ ប្រទេសចិនឈរលំដាប់ទី១ដែលកម្ពុជាបាននាំចេញអង្ករសរុបចំនួន (១២៤ ៧៦០ តោន) ប្រទេសបារាំងបានឈរលំដាប់ទី២ គឺ (៥៣ ៩១០ តោន) និងប្រទេសប៉ូឡូញបានឈរនៅលំដាប់ទី៣ ដែលកម្ពុជាបាននាំចេញអង្ករចំនួន រហូតដល់ (៣៥ ៤៧២ តោន)ផងដែរ។
គួរបញ្ជាកថា នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥៤ម៉ឺនតោន ខណៈផែនការនាំចេញអង្ករឲ្យបាន១លានតោនក្នុងមួយឆ្នាំ របស់រាជរដ្ឋាភិបាលហាក់នៅឆ្ងាយនៅឡើយ៕