ចិនផ្តល់ជំនួយជិត៥ពាន់លានដុល្លារ ដល់កម្ពុជាសម្រាប់គ្លីនិកចល័ត និងឡជីវឧស្ម័ន!

128

ចិនផ្តល់ជំនួយដល់កម្ពុជាជិត៥ពាន់លានដុល្លារ ក្នុងរយៈពេល ១៦ឆ្នាំ។ ការផ្តល់ជំនួយនេះ បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់គ្លីនិកចល័តចំនួន ៤០គ្រឿង និងឡជីវឧស្ម័នចំនួន ១៥០០ឡ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិន រវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក WANG Bingnan អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន កាលពីព្រឹកថ្ងៃម្សិលមិញ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ រដ្ឋាភិបាលចិនបានសន្យាផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការមានទឹកប្រាក់សរុបចំនួនប្រមាណ៤៨០០លានដុល្លារ។ ក្នុងនោះមានហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់ សរុបចំនួនប្រមាណ ១១៣០លានដុល្លារ។

ក្រសួងសេដ្ឋកិច្ចបានបន្តថា នេះជាផ្លែផ្កាដែលកើតចេញពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅកម្ពុជា កាលពីតុលា ឆ្នាំ២០១៦ ដែលរដ្ឋាភិបាលចិន សន្យាផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា នូវទឹកប្រាក់សរុបចំនួន ៣៦០០លានយ័ន ត្រូវនឹងប្រមាណ ៥៥០លានដុល្លារ សម្រាប់រយៈពេល៣ឆ្នាំគឺពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨។

ក្រសួងសេដ្ឋកិច្ចអះអាងថា ទឹកប្រាក់សន្យានេះ បានរួមចំណែកយ៉ាងសំខាន់សម្រាប់វិស័យ សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ បណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ និងព្រមទាំងគាំទ្រដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជាផងដែរ៕

Comments

comments