(រាជធានីភ្នំពេញ)៖ តារាចម្រៀងស្រគត់ស្រគំគ្រោងនឹងរៀបការខែក្រោយ សុគន្ធ នីសា បានបង្ហោះសារលើអ៊ីនស្ត្រាក្រាមថា «ពេលវេលាមិនមែនជាអ្នកកំណត់ជោគជ័យឲ្យមនុស្សទេ តែមនុស្សដែលចេះប្រើប្រាស់ពេលវេលា គឺជាអ្នកដែលអាចកំណត់ជោគជ័យអោយខ្លួនឯង»។ ក្នុងសារនេះតារាចម្រៀង សុគន្ធ នីសា បានបង្ហាញទៅសាធារណជនថា ពេលនេះនាងដើរដល់ចំណុចជោគជ័យមួយកម្រិតទៀតហើយ គឺនៅខែធ្នូ ខាងមុខនេះ នាងនឹងដឹកដៃបុរសជាពាណិជ្ជម្នាក់ចូលរោងការ និងកសាងគ្រួសារមួយដ៏សុខសាន្ត។
ភាពជោគជ័យធំធេងរបស់តារាចម្រៀងរូបនេះក្នុងដំណាក់កាលទី១ គឺក្លាយជាតារាចម្រៀងដ៏ល្បីក្នុងដួងចិត្តមហាជនរាប់ម៉ឺននាក់ ។ ទន្ទឹមនឹងភាពជោជ័យរបស់តារាចម្រៀងរាងតូចច្រឡឹង សុគន្ធ នីសា ក៏ធ្លាប់កើតមានភាពបរាជ័យជាច្រើនរាប់មិនអស់ផងដែរ តួយ៉ាង រឿងទំនាក់ទំនងស្នេហាជាមួយអ្នកនិពន្ធ លោក សុខ ជំនោរ ត្រូវបានប្រេះឆាកាលពី បួនឆ្នាំមុន ។
គួរបញ្ជាក់ថា ៖ ក្រោយការបែកបាក់អតីតគូស្នេហ៍អ្នកចម្រៀង សុគន្ធ នីសា និងអ្នកនិពន្ធ សុខ ជំនោរ បានជ្រើសរើសយកដៃគូទីទៃរៀងៗខ្លួន ហើយរឿងនឹកស្មានមិនដល់ពួកគេបានជ្រើសរើសថ្ងៃខែរៀបការជាប់គ្នាទៀត ដោយ សុខ ជំនោរ គ្រោងដឹកដៃនារីគណនេយ្យករម្នាក់ចូលរោងការនៅពាក់កណ្តាលខែវិច្ឆិកា រីឯ សុគន្ធ នីសា គ្រោងដឹកដៃបុរសពាណិជ្ជករម្នាក់ចូលរោងការនៅខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះដែរ ៕