នាយឧត្តមសេនីយ៍ អ៊ី ឈាន អំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ង ធ្វើបដិវត្តន៍ពណ៌!

157

(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ង ធ្វើបដិវត្តន៍ពណ៌ បង្កចលាចល អស្ថេរភាព សន្តិសុខសង្គម មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីជនអគិត និងជនក្បត់ជាតិមួយចំនួន ដែលមានមហិច្ឆិតាចង់បំផ្លេចបំផ្លាញសុខសន្តិភាព ការអភិវឌ្ឍន៍ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

ថ្លែងដូចនេះក្នុងឱកាស នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន នាយ នាយរង និងពលទាហានកងពលតូចថ្មើរជើងលេខ៥៣ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃកងយោធភូមិភាគ៥ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៤ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៧ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគ៥ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ អ៊ី ឈាន បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះនាយ នាយរង និងពលទាហានកងពលតូចថ្មើរជើងលេខ៥៣ ទាំងអស់ ដោយជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងយើងទាំងអស់។

នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលមានជំហរស្មារតី ស្មោះត្រង់ ស្នេហាជាតិ អនុវត្តយ៉ាងមឹងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការការពារ រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ បូរណភាពដែនដី ការពារសុខសន្តិភាព និងភាពសុខដុមរម្មនាជូនជាតិ និងប្រជាជន៕

 

Comments

comments