កម្ពុជាចាប់ផ្តើមសាងសង់ព្រលាន​យន្តហោះ​ថ្មី​  នៅ​ខេត្តកោះកុង

347

ខេត្តកោះកុង៖ ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​កោះកុង កំពុងត្រូវបានក្រុមហ៊ុន Tianjing Union Development ចាប់ផ្តើម​សាងសង់​យ៉ាង​សកម្ម​ហើយ។ ក្រុមហ៊ុន​នេះ គ្រោង​បោះទុន ៥ពាន់​លានដុល្លារ​ដើម្បី​សាងសង់​ព្រលាន​យន្តហោះ​នេះ លើ​ទំហំ​ផ្ទៃដី​ជាង ៥ម៉ឺន​ហិកតា​ក្នុង​ស្រុក​ថ្មបាំង និង​ស្រុកបទុមសាគរ ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រាជ​រដ្ឋាភិបាល។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា​ថា ​ភាគី​ក្រុមហ៊ុន​​សាងសង់​ព្រលាន​យន្តហោះ​នេះ​ បាន​មកជួប​មន្ត្រី​ជំនាញ​និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​ចំនួន​២លើក​មកហើយ ដើម្បី​បង្ហាញ​ពី​គម្រោង​របស់​ពួកគេ និង​សកម្មភាព​នៃ​ការ​ចាប់ផ្តើម​គម្រោង​នេះ​។​

លោក​បន្តថា​ព្រលាន​យន្តហោះ​នេះ​សាងសង់​លឿន​ឬ​យឺត​​អាស្រ័យ​លើ​ល្បឿន​នៃ​ការអភិវឌ្ឍ​រមណីយ​ដ្ឋា​ន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ពួកគេ​នៅក្នុង​ស្រុក​ទាំង២​ នៃ​ខេត្ត​កោះកុង។

តំណាង​ក្រុមហ៊ុន​Tainjin Union Development Group​លោកស្រី​ ប៊ែ​ល​ឡា ហ្សា​ង​ ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​ការធ្វើ​ផែ​ន ការសាងសង់​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​នេះ បានសិក្សាគម្រោងបញ្ចប់​ហើយ និង​កំពុង​ត្រៀម​រៀបចំ​ផែនការ​ដើម្បី​ធ្វើការ​សាងសង់​។ ព្រលានយន្តហោះ​នេះ អាច​ទទួល​អ្នកដំណើរ​បាន​១០​លាន​នាក់​ក្នុង​មួយឆ្នាំ និង​អាច​​ទទួល​​យន្តហោះ​ខ្នាត​ធំ​​ ហើយ​ក្រុមហ៊ុន​បានធ្វើការ​សិក្សា​ពី​ភូមិសាស្ត្រ និង​កំណត់​ទីតាំង​សម្រាប់​ព្រលានយន្តហោះ​នេះ​រួចហើយ​។​

តាម​ព័ត៌មាន​របស់​ក្រុមហ៊ុន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាននឹងកំពុង​ដំណើរកា​រ​គំរោង​រមណីយដ្ឋាន​លំដាប់​ប្រណីត​​នៅ​ខេត្តកោះកុង​រួចហើយ ដែល​រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ ភោជនីយដ្ឋាន ទីលាន​វាយ​កូន​ហ្គោល​លំដាប់​អន្តរជាតិ​ជាដើម​៕​

Comments

comments