(សៀមរាប)៖ ក្នុងវេទិកាទេសចរណ៍វប្បធម៌អាស៊ាន-ចិន (ACC) លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វេទិកាទេសចរណ៍វប្បធម៌អាស៊ាន-ចិន នឹងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សម្រាប់តំបន់ទាំងមូល ពិសេសកិច្ចសហប្រតិបត្តិការល្អផ្នែកពាណិជ្ជកម្ម និងវិនិយោគ ដែលនាំមកនូវលំហូរទេសចរ និងវិនិយោគិនចិនជាច្រើនមកកម្ពុជា និងអាស៊ាន។
វេទិកាទេសចរណ៍វប្បធម៌អាស៊ាន-ចិននេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានការចូលរួមពីលោករដ្ឋមន្ត្រី ថោង ខុន លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ គណៈប្រតិភូមកពីប្រទេសសមាជិកអាស៊ាន និងចិនជាច្រើននាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «មកទល់ពេលនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន មានអាយុ២៦ឆ្នំាហើយ ទំនាក់ទំនងដ៏ល្អនេះ បានរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់តំបន់ទាំងមូល ពិសេសកិច្ចសហប្រតិបត្តិការល្អផ្នែកពាណិជ្ជកម្ម និងវិនិយោគ ដែលនឹងនាំមកនូវលំហូរទេសចរ និងវិនិយោគិនចិនជាច្រើនមកកម្ពុជា»។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន ជានិច្ចកាល ក្រសួងទេសចរណ៍កម្ពុជា ជាមួយនឹងផ្នែកឯកជនតែងតែគាំទ្រចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិនានា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា សិល្បៈបុរាណ និងសម័យ ដែលស្តែងឱ្យឃើញពីវប្បធម៌ដ៏សម្បូររុងរឿងរបស់កម្ពុជា ទាក់ទាញទេសចរអន្តរជាតិឲ្យមកទស្សនាកម្ពុជា បានកាន់តែច្រើនថែមទៀត។
តាមរយៈពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា ២០១៧ (Cambodia Travel Mart 2017) លើកទី១ និងវេទិកាទេសចរណ៍វប្បធម៌អាស៊ាន-ចិន នាពេលនេះ លោក ថោង ខុន មានទំនុកចិត្តថា កម្ពុជានឹងទទួលបានវិនិយោគិន និងទេសចរពីគ្រប់ទិសទី ពិសេសទេសចរចិនកាន់តែច្រើនថែមទៀត ក្នុងពេលដ៏ខ្លីខាងមុខ ព្រោះកម្ពុជាមានកត្តាជំរុញជាច្រើន ដូចជា រាជធានីភ្នំពេញ និងតំបន់ជុំវិញ តំបន់សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ តំបន់ប្រាសាទសំបូរព្រៃគុក តំបន់ប្រាសាទព្រះវិហារ និងតំបន់ទេសចរណ៍ធម្មជាតិនៅភូមិឦសាន និងនិរតី សក្តានុពលទេសចរណ៍តាមដងទន្លេមេគង្គ តំបន់ទេសចរណ៍ជីវចម្រុះនៅបឹងទន្លេសាប។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលអាចចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយពេញបរិបូរណ៍ ដែលជាមូលដ្ឋានគ្រឹះទ្រទ្រង់ដល់ការអភិវឌ្ឍគ្រប់វិស័យ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា វិស័យទេសចរណ៍កម្ពុជា បាននិងកំពុងមានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ជាក់ស្ដែងក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរចិនមានចំនួនជាង ៨៣ម៉ឺននាក់។ រយៈពេល៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៣.៩លាននាក់ ក្នុងកំណើន ១១.៥% ក្នុងនោះទេសចរចិនមានចំនួនជាង ៨៤ម៉ឺននាក់។ នៅឆ្នាំ២០១៧ កម្ពុជានឹងអាចទទួលបានទេសចរចិនប្រមាណ ១លាននាក់ ហើយនៅឆ្នាំ២០២០ នឹងកើនដល់យ៉ាងតិច ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិសរុបប្រមាណ ៧លាននាក់។
សូមបញ្ជាក់ថា កំណើនគួរឲ្យកត់សម្គាល់សម្រាប់រយៈពេល៩ខែ ដើមឆ្នាំនេះ ក៏ដោយសារការកើនឡើងនូវជើងហោះហើរត្រង់ពីប្រទេសចិន តាមរយៈក្រុមហ៊ុនអាកាសចរចំនួន១២ ជាមួយនឹងជើងហោះហើរចំនួន ១៨០ជើង ក្នុងមួយសប្តាហ៍។ កម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិន (២០១៦-២០២០) ពិសេសការដាក់ចេញនូវសៀវភៅសស្តីពី China Ready សម្រាប់វិស័យទេសចរណ៍កម្ពុជា សំដៅត្រៀមទទួលស្វាគមន៍ទេសចរចិនយ៉ាងតិច ២លាននាក់ នៅឆ្នាំ២០២០៕