(រាជធានីភ្នំពេញ)៖ តារាកំប្លែងក្នុងក្រុមលោក ពែក មី។ នាយ ចឺម ដែលមានឱកាសជោគជ័យលើអាជីពកំប្លែងមិនឆ្លងកាត់ការវិញ្ញាសាប្រឡង បានចេញមុខមកបញ្ជាក់មូលហេតុថា៖ «ខ្ញុំ ផ្អាកកំប្លែងមួយរយៈដោយសារតែចង់ពង្រឹង និងផ្ដោតសំខាន់ទៅលើវិស័យចម្រៀងនៅផលិតកម្មសាន់ដេ តែមួយមុខប៉ុណ្ណោះ»។
តារាកំប្លែងដែលគេនិយាយថាអាចនឹងជំនួសតំណែងខេនរ:សេរីមន្តនោះ ត្រូវតារារូបនេះបញ្ជាក់ថា៖ «ការដកឃ្លាពីសង្វៀនកំប្លែងនេះ ដើម្បីមានពេលវេលារិះរកបទចម្រៀង និងក្បាច់រាំថ្មីៗ ហើយប្លែកជូនដល់ពុកម៉ែបងប្អូនដែលគាំទ្រខ្លួននាពេលកន្លងមក»។
ការផ្អាកពីអាជីពជាកំប្លែងរបស់តារារូបនេះមិនមែនបានន័យថាភ្លេចកំណើតខ្លួននៅក្នុងក្រុម ពែកមី ឬទូរទស្សន៍ CTN នោះទេ ហើយការឈប់នេះ ក៏មិនឈប់រហូតដែរ ថ្ងៃណាមួយពេលវេលាអំណោយផល លោកនឹងចូលកំប្លែងវិញជាក់ជាពុំខាន៕