កាលពីថ្ងៃម្សិលមិញ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាទីស្តីការគណៈរដ្ឋមន្ត្រី មុននឹងបញ្ចប់បេសកកម្មនៅកម្ពុជា លោក ជីអាន់ភ្ជែត្រូ បូឌីញូ ប្រធានអង្គការស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជាបានសន្យាថា អង្គការស្បៀងអាហារពិភពលោកនឹងបន្តជួយដល់ប្រទេសកម្ពុជាបន្តទៀត ជាពិសេស នឹងជួយរៀបចំគោលនយោបាយជាតិស្តីពីសន្តិសុខស្បៀងឆ្នាំ២០១៩-២០២៣ នៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ជីអាន់ ភ្ជែត្រូ បូឌីញូ បានឲ្យដឹងថា លោកនឹងត្រូវបញ្ចប់បេសកកម្មនៅកម្ពុជានៅចុងខែមិថុនា ២០១៧នេះ។ លោក ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដែលតែងតែសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធិជាមួយអង្គការស្បៀងអាហារពិភពលោក និងអង្គការពាក់ព័ន្ធដ៏ទៃទៀតក្នុងពេលបច្ចុប្បន្ន និងទៅអនាគតក្នុងការបង្កើតចេញនូវយុទ្ធសាស្ត្រផ្សេងៗ និងបានជួយឲ្យបេសកកម្មរបស់លោកនៅកម្ពុជាទទួលបានលទ្ធផលល្អ។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលើការងារសន្តិសុខស្បៀង និងអាហាររូបត្ថម្ភនាពេលកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ លោក ជីអាន់ភ្ជែត្រូ បូឌីញូ ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដែលធ្វើឲ្យកម្ពុជាសម្រេចបាននូវលទ្ធផលជាច្រើន លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រួមចំណែកដល់ការកែលំអជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕ ដោយ ដាវ៉ុន