(សៀមរាប)៖ តបតាមការស្នើសុំរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានមើលឃើញពីភាពជោគជ័យ នៃការគ្រប់គ្រងតំបន់ រមណីយដ្ឋានអង្គរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍ លើការងារអភិរក្សរមណីយដ្ឋានអង្គរ ដល់ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ីចំនួន១២នាក់ ដែលជាមន្ត្រីជំនាញផ្នែកគ្រប់គ្រង ទេសចរណ៍ នៅប្រាសាទបូរ៉ូប៊ូឌួ (Borobudur)។
ការចែករំលែកបទពិសោធន៍នេះ ធ្វើឡើងនៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាភាពលោក សុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដោយមានការធ្វើបទបង្ហាញ ទៅលើប្រធានបទសំខាន់ មួយចំនួន ដូចជា តួនាទី និងបេសកកម្មនៃអាជ្ញាធរជាតិអប្សរា ការងារអភិរក្សជួសជុលប្រាសាទ ការគ្រប់គ្រងបរិស្ថានអង្គរ ការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍទេសចរណ៍អង្គរ។
ប្រធានប្រតិភូឥណ្ឌូនេស៊ី លោក Rino Wicaksono បានបង្ហាញអំពីគោលបំណង នៃក្រុមការងាររបស់លោកថា ប្រាសាទបូរ៉ូប៊ូឌួ គឺជាប្រាសាទទោលដ៏ល្អឯករបស់ប្រទេសឥណ្ឌូណេស៊ី តែទទួលបានភ្ញៀវទេសចរប្រមាណ ៤ម៉ឺននាក់ ប៉ុណ្ណោះក្នុងមួយឆ្នាំ។ លោកមកទីនេះ ដើម្បីរៀនសូត្រពីរបៀបគ្រប់គ្រងរមណីយដ្ឋានអង្គរ ជាពិសេសការគ្រប់គ្រងភ្ញៀវទេសចរ ដែលមកទស្សនា អង្គរជារៀងរាល់ឆ្នាំ។ លោកសង្ឃឹមថា ជំនួបលើកនេះជាការចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អ នាពេលអនាគតយូរអង្វែង រវាងរមណីយដ្ឋានអង្គរ និងប្រាសាទបូរ៉ូប៊ូឌួ។
លោកបន្ថែមថា លោកនឹងធ្វើរបាយការណ៍នៃជំនួបនេះ ដាក់ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានាធិបតីរបស់លោក ដើម្បីបន្តការងារលើកិច្ចសហប្រតិបត្តិការនេះ។
លោក សុខ សង្វារ បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដោយសង្កត់ធ្ងន់ថា អាជ្ញាធរជាតិអប្សរាតែង រីករាយនឹងការចែករំលែក និងសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងាររបស់ខ្លួន ជាមួយនឹងបណ្តាប្រទេសដទៃជានិច្ច។ លោកបន្ថែមថា អាជ្ញាធរជាតិអប្សរា ពិតជារីករាយក្នុងការបន្តលើកិច្ចសហប្រតិបត្តិការជាផ្លូវការ ដែលអាចនឹងកើតមាន នាពេលខាងមុខនេះ រវាងរមណីយដ្ឋានអង្គរ និងប្រាសាទបូរ៉ូប៊ូឌួ។
លោកក៏បានបង្ហាញដល់ គណៈប្រតិភូអំពីដំណាក់កាលវិវត្តន៍សំខាន់ៗ នៃរមណីយដ្ឋានអង្គរ ដូចជា ការដាក់អង្គរចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក ប្រឈមនឹងគ្រោះថ្នាក់ក្នុងឆ្នាំ១៩៩២ ការបង្កើតគណៈកម្មាធិការ ICC-Angkor ការកំណត់ ព្រំរមណីយដ្ឋានអង្គរ ការបង្កើតអាជ្ញាធរជាតិអប្សរា ការបង្កើតច្បាប់ការពារបេតិកភណ្ឌ និងការទទួលបានសន្តិភាព ពេញលេញលើផ្ទៃប្រទេស តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតធ្វើឲ្យអង្គរលែងជាបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ ចាប់ពីឆ្នាំ២០០៤មក។
ជាមួយគ្នានេះ ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ី ក៏បានធ្វើបទបង្ហាញជូនមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា អំពីការងារគ្រប់គ្រង នៅប្រាសាទបូរ៉ូប៊ូឌួ និងការគ្រប់គ្រងទេសចរណ៍នៅទីនោះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយអាជ្ញាធរជាតិអប្សរាផងដែរ៕