(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញលិខិតមួយច្បាប់ ប្រាប់ឲ្យអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទើបតែត្រូវបានរំលាយ ដោយអំណាចសាលដីកាតុលាការកំពូល ប្រគល់សម្ភារៈរបស់រដ្ឋ ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ ព្រោះពួកគេលែងជា សមាជិករដ្ឋសភាពទៀតហើយ។ នេះបើតាមលិខិតរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា ដែលអង្គភាព Kamnottra ទើបទទួលបាននៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ។
ក្នុងលិខិតរបស់លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា «ឯកឧត្តម លោកជំទាវ លែងជាសមាជិករដ្ឋសភាទៀតហើយ ដូចនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្នើសុំឯកឧត្តម លោកជំទាវ មេត្តាប្រគល់សម្ភារៈរបស់រដ្ឋ ឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ។ ក្រុមការងារទទួលបន្ទុក ទទួលសម្ភារៈ និងរង់ចាំទទួលប្រគល់សម្ភារៈ ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧»៕